ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ ១២នាក់, ស្រុកកងមាស ០៧នាក់ និង ស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លើកម្មករ -កម្មការិនីរោងចក្រ លី ឈាងខប ដែលមានការសង្ស័យ ចំនួន ៤២៥នាក់ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ និងការធ្វើតេស្តរហ័សលើអ្នកដែល បានប៉ះពាល់និងអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២១នាក់ ទទួលបានលទ្ធផលវិជ្ជមាន ចំនួន ០៨នាក់។ បន្ថែមពី នេះ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងករណីនេះបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺ ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងបង ប្អូនកម្មករ-កម្មការិនី និងមិត្តភ័ក្ត្រដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ ខ្លួននូវវិធានការ «៣កុំ ៣ការពារ»។ ជាមួយគ្នានេះ បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ ៖ វណ្ណៈ