តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង១៥៩,៥លាននាក់ ក្នុងនោះមានអ្នកឆ្លងថ្មី៦០៤ពាន់នាក់ ។ ក្រៅពីនេះនៅមានអ្នកស្លាប់៣,៣ លាននាក់ ក្នុងនោះមានស្លាប់ថ្មី ជាង១០ពាន់នាក់។
អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១០ ខែឧសភា បានបញ្ជាក់ថា វិរុសបំប្លែងខ្លួនថ្មីដំបូងបានរកឃើញនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០២០ ត្រូវបានចាត់ទុកជាវីរុសគួរឲ្យបារម្ភបំផុត ហើយងាយស្រួលក្នុងការឆ្លងរាលដាល។
កូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B1617 គឺជាវីរុសបំប្លែងខ្លួនទី៤ហើយដែលបានរកឃើញនៅលើពិភពលោក ដែលមានការរាលដាលខ្ពស់ ។ កន្លងមកគេបានរកឃើញវីរុសបំប្លែងខ្លួនថ្មីនៅក្នុងប្រទេស អង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។
កាលពីថ្ងៃទី១០ ខែឧសភា ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ ថយចុះបន្តិច គឺមានជាង ៣៦៦ពាន់នាក់ និងស្លាប់ ៣៧៥៤នាក់។ ជាមួយគ្នានេះដែរវីរុសបំប្លែងខ្លួនថ្មី B1617 ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូងទៅលើស្ត្រីវ័យ៤២ឆ្នាំកំពុងតែមានផ្ទៃពោះ។
អង្គការសុខភាពពិភពលោក (WHO) បានាចាត់ចំណាត់ថ្នាក់អំពីវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាថាជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភ» ខណៈការសិក្សាបឋមបានបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ។
ប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា «មានព័ត៌មានខ្លះបានបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿននិងងាយ» ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងផងដែរ៕ដោយ៖ ធីរីណា
រូបភាព៖ttxvn