ព័ត៌មានទាន់ហេតុការណ៍៖

អ្នកក្នុងនិងក្រៅចង្កោមសិល្បៈទាមទារយុត្តិធម៌ឲ្យ ពិធីការិនី មាន ពេជ្រ រីតា

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីពិធីការិនីទូរទស្សន៍My TV កញ្ញា មាន ពេជ្រ រីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈនៅក្នុងរថយន្តកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១កន្លងទៅ។ កាន់តែក្តុកក្តួលនិងសង្វេកនោះគឺក្រោយពីវីដេអូទួញសោកបាត់ភាពជាម្ចាស់ការក្នុងខ្លួនរបស់ពិធីការិនីរូបនេះត្រូវបានគេទម្លាយពេញបណ្តាញសង្គម។ 

 គេចាំបានដែរថា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia 2020 កញ្ញា មាន ពេជ្ររីតា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្តក្រោយពីនាងរងបណ្តឹងពីសំណាក់លោក ឧកញ៉ាហេង សៀ ថាបានបង្ករបួសស្នាដោយការចាក់ពីរកាំបិតត្រង់ពោះខាងស្តាំចំនួន២កន្លែង និងបានលួចយកទ្រព្យជាទូរស័ព្ទដៃរត់គេច។ យោងតាមពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បានបញ្ជាក់ថា  ក្រោយរងពាក្យបណ្តឹងនៅថ្ងៃទី០៨ខែឧសភានេះនាងត្រូវបានគេនាំខ្លួនទៅធ្វើការសាកសួរ និងឃុំខ្លួននាងរយៈពេល២ថ្ងៃ ។ ស្រាប់តែថ្មីៗនេះលេចវីដេអូខ្លីមួយត្រូវបាន អ្នកលេងហ្វេសប៊ុកឈ្មោះ”កូនមានវាសនា” ដែលគេស្គាល់ថាជារបស់ឧកញ៉ាដេវីដឆាណាវ៉ានោះ  បានទម្លាយអំពីវីដេអូយំយែកក្លាយជាមនុស្សបាត់បង់ស្មារតីដ៏គួរឲ្យអាសូររបស់ពិធីការិនីទូរទស្សន៍ MY TV គឺ។ នៅមានសំឡេងនៃការស្រែកយំ ក្នុងភាពជាមនុស្សបាត់បង់ស្មារតីក្នុងខ្លួនមិនអាចគ្រប់គ្រងខ្លួនឯងទៀតព្រោះតែការភ័យខ្លាច ដែលគេថ្លែងមិនត្រូវទេថាតើនាងបានជួបវិបត្តិ និងរូបភាពធ្ងន់ធ្ងរបែបណាមុនពេលដែលនាងធ្លាក់ក្នុងស្ថានភាពបែបនេះ ដែលសំឡេងនៃការយំស្រែករបស់នាងបានកងរំពងពេញត្រចៀក និងគួរឲ្យសង្វេក ។ សម្រែកនៃភាពឈឺចាប់កើតឡើងពីការខ្ពើមរអើមនឹងខ្លួនឯងដែលរងការបៀតបៀនមកលើរូបរាងកាយនាងរួមទាំងការគំរាមកំហែងដោយប្រើប្រាស់អាវុធ។ទាំងអ្នកក្នុងនិងអ្នកនៅក្រៅចង្កោមសិល្បៈបានបញ្ចេញយោបល់ជាច្រើនដើម្បីទាមទាររកយុត្តិធម៌សម្រាប់នាង។

ផលិតករល្បីឈ្មោះ លោក ខាំភូរិ វិញបានបញ្ចេញទស្សនៈរបស់លោកនៅលើបណ្តាញសង្គមថា “ខ្ញុំមិនដឹងរឿងលម្អិតនៃរឿងរ៉ាវទាំងនេះទេ  ខ្ញុំក៏មិនដែលធ្លាប់បានធ្វេីការជាមួយប្អូនស្រីដែលត្រូវលោកឧកញ៉ាចោទពីរឿងលួចទូរស័ព្ទដៃនោះទេ តែក្នុងនាមជាសិល្បករដូចគ្នា  ខ្ញុំសុំបញ្ចេញយោបល់ផ្ទាល់ខ្លួនបន្តិចចុះ។

ខ្ញុំមិនបានមើលពាក្យបណ្តឹងរបស់លោកឧកញ៉ាទេ  តែតាមចំណងជេីងសារព័ត៌មាន  អានរួចវាដូចជាហួសចិត្ត។ ដោយឡែកខ្ញុំបានអានពីរបីដងនៃពាក្យបណ្តឹងប្អូនស្រី  ដែលប្តឹងបកទៅវិញ  ខ្ញុំអាចសន្និដ្ឋានដោយខ្លីបានថា  វាមានរឿងរ៉ាវស៊ីជម្រៅជាងនេះ  គឺជាងរឿងលួចទូរស័ព្ទដៃដែលជាអង្គហេតុក្នុងការចោទប្រកាន់។ សម័យនេះហើយ  នៅតែប្រើទឹកលុយ  បំផ្លាញក្តីស្រឡាញ់  និងបេះដូងអ្នកតូចទាបជាងខ្លួនបានដោយទង្វើស្មោគគ្រោកទៅកើត? យើងមានម្តាយ  មានភរិយា  ឬអាចមានបងប្អូន  និងកូនជានារី  យើងគួរស្គាល់ពីតម្លៃ  និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីទូទៅ។ តើការបំពាបំពានទាំងនេះ  វាប្រៀបបានដូចទៅនឹងការបំពានសាច់ញាតិខ្លួនឯងដែរទេ? សង្ឃឹមថាប្អូនស្រីនឹង  ត្រូវបានជួយដោយមនុស្ស មានគុណធម៌  ក្នុងសង្គមជឿនលឿនមួយនេះក្នុងពេលដ៏ខ្លី។

សារនេះទទួលបានការចែករំលែក ពីសំណាក់សិល្បករជាច្រើនដែលមានបំណងស្វែងរកយុត្តិធម៌មួយសម្រាប់នាង។ កាន់តែមានពន្លឺយុត្តិធម៌ក្រោយពីគេទទួលបានដំណឹងថា ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមស្រាវជ្រាវលើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ៕

 

ដោយ៖ វឌ្ឍនា


ចែករំលែក៖