ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង។
លោករដ្ឋលេខាធិការបានថ្លែងបន្តថា, ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។
ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជនទទួលបានតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។ ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។
ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន៕
ដោយ៖ សុខ ខេមរា