ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ សាកសួរលើកញ្ញា មាន ពេជ្ររីតា រយៈពេលកន្លះថ្ងៃត្រូវបានផ្អាក ដោយតុលាការនឹងបន្តការសាកសួរនៅថ្ងៃស្អែកទៀត

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។ បន្ទាប់ពីបើកការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia អស់រយៈពេលកន្លះថ្ងៃ ដោយប្រកាសបន្តការសាកសួរថែមទៀត នៅព្រឹកស្អែក ខណៈដែលមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតស្នើសុំដោះលែងកញ្ញា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

សូមបញ្ជាក់ថា, កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។
ដោយឡែកលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង។

លោករដ្ឋលេខាធិការបានថ្លែងបន្តថា, ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជនទទួលបានតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។ ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។

ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។
នៅល្ងាចថ្ងៃទី១២ ខែឧសភានេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។
កញ្ញា មាន ពេជ្ររីតា បានលើកឡើងក្នុងពាក្យបណ្តឹងថា, នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ លោកព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្រ្តីទុន ខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទី ក្រុង នាងខ្ញុំជានីស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លានេះទេ។ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទ ប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ។
ដូចនេះ នាងខ្ញុំសូមធ្វើបណ្តឹងតប ដោយធ្វើការទាមទារដូចខាងក្រោម៖

១.ប្ដឹងឧកញ៉ា ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់

២.ទាមទារសំណងជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក)

៣.ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)។

នាងខ្ញុំសង្ឈឹមជឿជាក់ថា លោកព្រះរាជអាជ្ញា ដែលធ្លាប់តែផ្តល់យុត្តធម៌ និងសច្ចៈធ៌មដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រកបដោយសុភវិនិច្ឆ័យ ប្រកបដោយយុត្តិធម៌ សច្ចៈធម៌ និងគុណធម៌ នៅក្នុងរឿងនេះ ហើយនាងខ្ញុំក៏សង្ឈឹមជឿជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្រោមម្លប់ របស់ សម្តេចតេជោហ៊ុន សែន សម្ដេចនឹងផ្តល់ជូនយុត្តិធម៌ និងសច្ចៈធម៌ មកដល់ជនរងគ្រោះ ដែល ជានារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋដែលជាកូនចៅរបស់សម្ដេចដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖