ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រៅពីរងការចោទប្រកាន់ ប៉ុនប៉ងរំលោភសេពសន្ថវ: ឧកញ៉ា ហេង សៀ ក៏រងចោទថាបុកឡានគេហើយអត់ព្រមសងសំណង !

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីរងការចោទប្រកាន់ ប៉ុនប៉ងរំលោភសេពសន្ថវ: ឧកញ៉ា ហេង សៀ ក៏រងចោទថាបុកឡានគេហើយអត់ព្រមសងសំណង ! ។ នេះបើយោងតាមគេហទំព័រមួយមានឈ្មោះថា( GN times) បានចុះផ្សាយកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

គេហទំព័រមួយមានឈ្មោះថា( GN times) បានសរសេរថា, ក្រោយប្រតាយប្រតប់គ្នាឧកញ៉ា ហេង សៀ បើករថយន្តខ្លួនទៅបុករថយន្តនារីម្នាក់ខូចខាតយ៉ាងដំណំ បែកចេញរឿងទូរស័ព្ទ និងរឿងសន្យាសងការខូចខាតតែមិនព្រមសងតាមការសន្យា ។
បន្ទាប់ពីមានការប្រតាយប្រតប់គ្នាជាមួយកញ្ញា មាន ពេជ្ររីតា នៅក្នុងរថយន្តឧកញ៉ាហេង សៀ បានបើករថយន្តសំដៅទៅមន្ទីរពេទ្យ ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ របស់នារីម្នាក់ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ហើយឧកញ៉ារូបនោះ សន្យាថាចេញថ្លៃខូចខាតទាំងស្រុង ប៉ុន្តែពេលរថយន្តទៅធ្វើរួចរាល់អស់ជាង ៣ពាន់ដុល្លារ ឧកញ៉ារូបនោះយល់ព្រមសងតែ ៥០០ដុល្លារប៉ុណ្ណោះ។ នេះបើតាមស្ត្រីជាម្ដាយរបស់នារីជាម្ចាស់រថយន្តឡង់គ្រីស័របានប្រាប់បណ្ដាញសារព័ត៌មាន (GN times ) នៅរសៀលថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ ។
ស្ត្រីដដែលបន្តថា, ឧកញ៉ា ហេងសៀ បានបើករថយន្តម៉ាក Kia ពាក់ស្លាកលេខ ភ្នំពេញ-1AC-7258 មកបុករថយន្តកូនស្រីរបស់គាត់ម៉ាកឡង់គ្រីស័រពាក់ស្លាកលេខភ្នំពេញ 2AW-8687 បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ពេលបុកហើយឧកញ៉ារូបនោះ បានចុះពីលើរថយន្តទាំងក្បាលពោះសុទ្ធតែឈាម ហើយមកនិយាយជាមួយគាត់ថា មិនអីទេ ជួយជូនគាត់ទៅពេទ្យសិន ចាំគាត់ដោះស្រាយសងថ្លៃខូចខាតឲ្យ។
ពេលនោះ ស្ថិតក្នុងភាពស្លន់ស្លោផង កូនប្រុសរបស់គាត់ក៏បានជូនឧកញ៉ារូបនោះ ទៅពេទ្យដោយពេលនោះគេឃើញមានកាន់ទូរស័ព្ទជាប់នឹងដៃផងដែរ។
ស្ត្រីដដែលបន្តថា, រថយន្តគាត់បានធ្វើរួចរាល់អស់ប្រមាណ ៣២០០ដុល្លារអាមេរិក ប៉ុន្តែខាងឧកញ៉ាសងតែ ៥០០ដុល្លារប៉ុណ្ណោះ ហើយថែមទាំងឲ្យកូនស្រី និងអង្គរក្សប្រមាណប្រាំមួយនាក់ ប្រើពាក្យសម្ដីមិនសមរម្យមកកាន់ពួកគាត់ថែមទៀត។ គាត់ថាក្រោយបុករថយន្តគាត់ ខាងឧកញ៉ារូបនោះ ជាអ្នកចាត់ចែងយករថយន្តគាត់ទៅធ្វើ ដោយសន្យាចេញថ្លៃខូចខាត ដល់ចុងក្រោយសងតែ ៥០០ដុល្លារ ធ្វើអោយគាត់ និងកូនៗ មានការហួសចិត្តយ៉ាងខ្លាំង ដោយគាត់និយាយថា ចាត់ទុកជាការរំដោះគ្រោះចុះ។
សូមបញ្ជាក់ថា, បើការពិតដូចអ្វីដែលគេហទំព័រមួយមានឈ្មោះថា( GN times) មួយនេះបានចុះផ្សាយតាមសាច់រឿងខាងលើ សបញ្ជាក់ឲ្យឃើញថា, ឧកញ៉ា ហេង សៀ មិនត្រូវបានបាត់ទូរស័ព្ទ ឬត្រូវបានកញ្ញា មានពេជ្ររីតា លួចទូរស័ព្ទរបស់គាត់នោះឡើយ ។ ខណៈស្ត្រីខាងលើគាត់បានឃើញឧកញ៉ារូបនោះកាន់ទូរស័ព្ទនៅនឹងដៃ។ នេះជាភ័ស្តុតាងមួយសម្រាប់ជាមូលដ្ឋានក្នុងផ្លូវច្បាប់ ដែលបញ្ជាក់ថានាងពិតជាមិនបានលួចទូរស័ព្ទឧកញ៉ាខាងលើនេះឡើយ។ ប៉ុន្តែបើឧកញ៉ាខាងលើ គាត់បានផ្ដល់សក្ខីកម្មក្លែងទៅសមត្ថកិច្ចក្នុងការប្ដឹង កញ្ញា មាន ពេជ្ររីតា ក៏ជាបទល្មើសមួយផងដែរ។ ដូច្នេះសមត្ថកិច្ចក៏ដូចជាស្ថាប័នតុលាការ អាចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុខាងលើនេះ ឬក៏អាចស្វែងរកម្ចាស់រថយន្តដែលមានផ្លាកលេខខាងលើ មកធ្វើជាសាក្សីក្នុងរឿងបណ្ដឹងដែលលោកឧកញ៉ា ហេង សៀង ប្តឹង កញ្ញា មាន ពេជ្ររីតា នោះបានផងដែរ ក្នុងបទល្មើសថាលួចទូរស័ព្ទ ហើយបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស៕

ដោយ ៖ សិលា


ចែករំលែក៖