ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួល អំណោយពីសប្បុរសជន ជាស្បៀងអាហារ មាន អង្ករនិងត្រីខ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក
កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ហេងឡុង តំណាងឱ្យម្ចាស់អំណោយ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ លោក ដែលបានឧបត្ថម្ភ អង្ករចំនួន៥តោន, ត្រីខ ២០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ Covid-19 ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេ រោគកូវីដ-១៩ ៕
ដោយ៖ សំរិត