អតីតកញ្ញាស្រស់ស្អាតបំផុតរបស់មីយ៉ាន់ម៉ា គឺនាង Htar Htet Htet ធ្លាប់តំណាងឲ្យប្រទេសមីយ៉ាន់ម៉ាទៅចូលរួម ប្រកួត Miss grand International ដែលរៀបចំឡើងនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៣ បានប្រកាសចូលរួមជាមួយកម្លាំងទាហានរដ្ឋាភិបាលស្រមោល និងកម្លាំងក្រុមជនជាតិភាគតិចដើម្បីប្រឆាំងរដ្ឋាភិបាលយោធា។ នាង Htar Htet បានប្រកាសថា នាងប្រកាសថានឹងលះបង់ជីវិតសម្រាប់ការតស៊ូជាមួយទាហានរដ្ឋាភិបាលយោធា។
កាលពី៨ឆ្នាំមុន នាង Htar Htet តំណាងឲ្យប្រទេសមីយ៉ាន់ម៉ាចូលរួមប្រកួតប្រជែងសម្រស់ជាមួយបេក្ខភាព៦០រូបមកពី៦០ប្រទេសជុំវិញពិភពលោក ។ នៅពេលនេះនាងបានស្ម័គ្រចិត្តចូលព្រៃនៅតំបន់ព្រំដែនកាន់កាំភ្លើង ដើម្បីប្រឆាំងរដ្ឋាភិបាលយោធា។
នៅក្នុងរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម នាង Htar Htet កាន់កាំភ្លើង AK-47 ហើយនៅលើរូបភាពនោះ បានសរសេរពាក្យស្លោករបស់អ្នកបដិវត្ត Che Guevara ថា « បដិវត្តមិនមែនជាផ្លែប៉ោមធ្លាក់ពីលើមេឃដោយខ្លួនឯងពេលវាទុំនោះឡើយ។ គឺអ្នកចាំបាច់ត្រូវតែធ្វើឲ្យវាជ្រុះ។
នាង Htar Htet ឆ្នាំនេះមានអាយុ៣២ឆ្នាំ ធ្វើជាគ្រូបង្រៀន កីឡា បានបង្ហោះលើបណ្តាញសង្គម Facebook ថា «នេះជាពេលវេលាធ្វើសង្គ្រាមបានមកដល់ហើយ …បើទោះបីអ្នកកាន់អាវុធ កាន់ប៊ិច … ឬក៏ផ្តល់ជំនួយសម្រាប់ ក្រុមប្រជាធិបតេយ្យ គឺត្រូវតែខិតខំទាំងអស់គ្នាដើម្បីបដិវត្តទទួលបានជោគជ័យ។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ គឺគម្រប់១០០ថ្ងៃដែលយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល ស៊ីវិល។ តាំងពីថ្ងៃនោះមកការធ្វើបាតុកម្មបានផ្ទុះឡើងនៅគ្រប់ទិសទី ប្រឆាំងយោធាបណ្តាលឲ្យមានអ្នកស្លាប់រាប់រយនាក់។ នាង Htar Htet បានបញ្ជាក់ទៀតថា«ខ្ញុំនឹងប្រយុទ្ធអស់ពីសមត្ថភាពរបស់ខ្លួន ខ្ញុំនិងលះបង់គ្រប់យ៉ាង ទាំងជីវិតរបស់ខ្លួន»៕ដោយ៖ធីរីណា
រូបភាព៖ VOV