លោក Xavi Hernandez បានបន្តកុងត្រាថ្មីជាមួយក្លិប Al Sadd ក្នុងនាមជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅថ្ងៃទី១៤ ឧសភានេះ។
ទោះបីជាត្រូវបានគេនិយាយជាលើកដំបូងថា កិច្ចព្រមព្រៀងថ្មីរបស់គាត់មានឃ្លាមួយដែលអាចឱ្យគាត់ផ្លាស់ទៅ Barcelona ក៏ដោយក៏លោក Xavi ខ្លួនឯងបានចេញមុខបកស្រាយការអះអាងទាំងនោះហើយ។
លោក Xavi បាននិយាយថា “នេះមិនត្រឹមត្រូវទេ ខ្ញុំមានកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Al Sadd ហើយខ្ញុំគោរពកិច្ចសន្យានេះ ខ្ញុំក៏គោរពតាមវិធីសាស្ត្រផ្លូវការនៃការចរចារវាងភាគីទាំងអស់ផងដែរ” ។
ដូចដែលសារព័ត៌មាន MARCA បានពន្យល់ថា លោក Xavi មានបំណងចង់ធ្វើការជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ដើម្បីបញ្ចប់កិច្ចសន្យាពេញលេញនៅពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ កើតឡើងនៅប្រទេសកាតា។
ទោះបីទទួលបានការចាប់អារម្មណ៍ពីក្លិបកំពូលៗនៅអឺរ៉ុបក៏ដោយក៏លោក Xavi នៅតែស្មោះត្រង់នឹងក្លិបដែលមានមូលដ្ឋាននៅកាតាមួយនេះដែលនៅទីនោះគាត់បានធ្វើជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ២០១៩ ៕ដោយ ៖ ភារៈ