មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ វគ្គប្រកួតឈុតតំណាងជាតិបានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២១ ត្រូវនឹងម៉ោង៧ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នៅកម្ពុជា។
ឈុតទេពរួបរួម ដែលត្រូវបានគ្រងដោយកញ្ញាឯកចក្រវាឡកម្ពុជារ៉េត សារីតា បានធ្វើឲ្យអ្នកទស្សនាចាប់ភ្លឹក នឹងលាន់មាត់សរសើរអំពីដំណើរដ៏ស្វាហាប់មានទំនុកចិត្ត សាកសមទៅនឹងឈុតដែលត្រូវបានច្នៃឡើងដោយកូនខ្មែរមួយនេះ។ ឈុត “ ទេពរួបរួម” រចនាម៉ូតដោយ លោក គួន មាឃ និងឆ្លុះបញ្ចាំងពីការបញ្ជៀសទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ ដែលហរិតំណាងវិស្ណុ ហើយហរៈតំណាងសិវៈ។ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព សុខដុមនីយកម្មនិងសន្តិភាព។ រចនាបថសិល្បៈនៃសំលៀកបំពាក់នេះដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។ឈុតនេះទទួលបានការស្វាមគន៍ និងសំឡេងទះដៃកងរំពង នឹងត្រូវបានគេចាត់ទុកថាជាឱកាសដ៏ពិសេសសម្រាប់កម្ពុជាបង្ហាញសិល្បៈវប្បធម៌ជាតិ នៅលើឆាកដ៏សម្បើមមួយនេះ។
គួរបញ្ជាក់ដែរថា ឈុតតំណាងជាតិរបស់ប្រទេសនីមួយៗដែលវាបានក្លាយទៅជាប្រធានបទដ៏សំខាន់សម្រាប់អ្នកនិយមតាមដានវិស័យកញ្ញាឯកដែលមិនត្រឹមតែកម្ពុជា ទេ សូម្បីតែបណ្តាប្រទេសជាច្រើនក៏បានផ្តោតការចាប់អារម្មណ៍លើវាផងដែរព្រោះតែប្រទេសនីមួយៗបានច្នៃយ៉ាងសម្រិតសម្រាំងដើម្បីធ្វើការឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត សិល្បៈ វប្បធម៌ប្រពៃណី ជីវិតរស់នៅ និងជាឱកាសផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិឲ្យពិភពលោកបានស្គាល់ ។ថ្ងៃទី ១៤ខែឧសភាគឺជាថ្ងៃប្រកួតបឋមថ្ងៃទី១៥និង១៦គឺជាការហាត់សមនិងការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១នេះ។
គេចាំបានដែរថា រ៉េត សារីតា វ័យ២៦ឆ្នាំ មានកម្ពស់165cm មានមុខរបរ ជាពិធីការិនី និង តារាសម្តែង។ ជាការកត់សម្គាល់ ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន រ៉េត សារីតា បានឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។
នាងគឺជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបត់បែនខ្ពស់។ ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ «ស្នេហ៍៩»ដែលរៀបចំដោយ BBC Media Action ផងដែរ។
រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយដែលជាឱកាសនាងទទួលបានបទពិសោធន៍ជាច្រើនលើការប្រកួតក្នុងស្រុក។
នាងអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសា បារាំង និងភាសាថៃបានខ្លះផងដែរ។ នាងធ្លាប់បានឆ្លងកាត់ការហ្វឹងហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វុីលីពីនផងដែរ ហើយក្រោយពេលគ្រងមកុដនាងក៏កាន់តែមានភាពជឿជាក់កាន់តែខ្ពស់។
សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕
ដោយ ៖ វឌ្ឍនា