ខេត្តតាកែវ ៖ រឿងគួរឲ្យហួសចិត្តនិងស្មានមិនដល់មួយបន្ទាប់ពីគេដឹងថាបងប្អូនបង្កើតនឹងគ្នា២នាក់បានផឹកស៊ីស្រវឹងក៏បាននាំគ្នាភ្នាល់ដុតផ្ទះ ឪពុកចោលឆេះស្ទើរទាំងស្រុង។
ហេតុកាការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិជាវប្តីខាងកើតឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ ។ក្រោយកើតហេតុ កូនទុរយសទាំង២នាក់នេះត្រូវឪពុកប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។
លោកវរសេនីយឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីឪពុកថា មានករណីកូនៗផឹកស្រវឹងហើយដុតផ្ទះខ្លួនឯងឆេះអស់រួចមក លោកក៏បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តរួចលោកក៏បានបញ្ជាមក និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ បន្ទាប់មកកម្លាំងរបស់លោក បានចុះចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ គឺឈ្មោះ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើកត្រូវជាប្អូន នឹងជាអ្នកដុតផ្ទាល់ ហើយម្នាក់ទៀតមានឈ្មោះ ម៉ុស បុល ហៅតយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ជាបង។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា តាមការសាកសួរជនសង្ស័យនេះគឺមុនពេលកើតហេតុជនសង្ស័យទាំង២នាក់បងប្អូនបានផឹកស៊ីជាមួយគ្នា អស់ស្រាថ្នាំប្រមាណជាង២លីត្រក៏បានបែកគំនិតដោយពួកគេបាននិយាយភ្នាល់គ្នាថា បើសិនជាយើងដុតផ្ទះចោលហើយនាំគ្នាទៅនៅវត្តក៏ស្រួលម្យ៉ាងដែរ។ភ្លាមៗ នោះជនសង្ស័យជាប្អូនក៏ស្ទុះភ្លែតទៅយកដែកកេះដុតផ្ទះឪពុកឲ្យឆេះតែម្តង។ ពេលនោះទោះបីជាមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិនាំគ្នាដងទឹកជួយពន្លត់យ៉ាងណាក៏មិនទាន់ដែរ គឺឆេះអស់នៅសល់តែស័ង្កសី និងសរសតែប៉ុណ្ណោះ។
លោកវរសេនីយឯកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់បងប្អូនត្រូវកម្លាំងជំនាញយើងកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការទៅតាមច្បាប់៕
ដោយ ៖ ប្រាថ្នា