អន្តរជាតិ៖ បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា ត្រឹមតែរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរកោះតៃវ៉ាន់ បានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត។ មិនតែប៉ុណ្ណោះ អាជ្ញាធរ បានសម្រេចបង្កើនកម្រិតអាសន្នអំពី COVID-19 ឡើងដល់លេខ ៣ សម្រាប់ទីក្រុងតៃប៉ិ និងទីក្រុងតៃប៉ិថ្មី។
ទីភ្នាក់ងារត្រួតពិនិត្យជំងឺកោះតៃវ៉ាន់ បានបន្តថា កម្រិតអាសន្នលេខ ៣នេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែឧសភា។ នៅក្រោមប្រព័ន្ធកម្រិតអាសន្ន ៤ កម្រិតរបស់កោះតៃវ៉ាន់នេះ កម្រិតអាសន្នលេខ ៣ គឺតម្រូវឲ្យប្រជាជនទាំងអស់ ចូលរួមពាក់ម៉ាសគ្រប់ពេលវេលា នៅពេលពួកគេចាកចេញពីផ្ទះ និងហាមឃាត់ការជួបជុំគ្នានៅក្នុងផ្ទះលើសពីមនុស្ស ០៥នាក់ ព្រមទាំងកំណត់ការជួបជុំគ្នានៅខាងក្រៅត្រឹមមនុស្ស ១០នាក់ផងដែរ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា កន្លែងកម្សាន្តនានានៅទូទាំងកោះតៃវ៉ាន់ រហូតមកដល់ពេលនេះ ត្រូវបានស្នើសុំឱ្យបិទទ្វារ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សា ក៏ត្រូវបានណែនាំឱ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ កន្លងមកនេះ កោះតៃវ៉ាន់ត្រូវគេចាត់ទុកថា បានគ្រប់គ្រងការរាតត្បាត COVID-19 បានយ៉ាងល្អប្រសើរ។
គិតត្រឹមថ្ងៃសៅរ៍ទី១៥ ឧសភានេះ ដែនកោះដែលមានប្រជាជនរស់នៅជាង ២៣លាននាក់មួយនេះ មានករណីឆ្លង COVID-19 សរុប ១,៤៧៥ករណី ក្នុងនោះស្លាប់ ១២នាក់ និងជាសះស្បើយវិញ ១,១១៦នាក់៕ដោយ៖ស តារា
រូបថត៖ឯកសារ