នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ នៅតំបន់ជនបទដែលនាំឱ្យពិបាកក្នុងការគ្រប់គ្រង។ បច្ចុប្បន្នឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ២៤លាននាក់ហើយ និងស្លាប់ជាង ២៦២ពាន់នាក់។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសអាសន្នស្តីពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទម្រង់ថ្មី B.1617 ដែលឆ្លងរាលដាលខ្ពស់ ។ រដ្ឋាភិបាលបានត្រៀមលក្ខណៈ សម្រាប់សង្គ្រាមប្រឆាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងការទប់ស្កាត់កូវីដ-១៩ ។
ការឆ្លងរាលដាលកូវីដ-១៩ ប្រចាំថ្ងៃ នៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ មានអ្នកឆ្លងជំងឺនេះសរុប ៣២៦,០៩៨នាក់និងស្លាប់ ៣,៨៩០នាក់ ។
មកទល់ពេលនេះ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៤៣២,៨៩៨លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦៦,២០៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៦៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបានជាង ១៨លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង ៣១៣លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕ដោយ៖ ធីរីណា
រូបភាព៖Reuters
រូបភាព៖Bloomberg