ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃសៅរ៍៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជូនខ្លួនជនសង្ស័យក្នុងករណីហិង្សាទៅតុលាការ បន្ទាប់ទាញកូនកាំបិតចុងស្រួចចាក់គូរទំនាស់ ក្នុងវង់ផឹកសុីជុំគ្នាបណ្ដាលឲ្យត្រូវចំគល់ដោះរងរបួស ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនខ្លួនឈ្មោះ ប៊ុន លាង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅបន្ទប់ជួលស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ហើយការឃាត់ខ្លួនបញ្ជូនជនសង្ស័យរូបនេះ ក្រោយចាក់គូរទំនាស់ឈ្មោះ ភិន សេងហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ណោះអាសន្ន ស្ថិតនៅភូមិសង្កាត់ជាមួយគ្នា បណ្ដាលឲ្យរងរបួសត្រង់ចំណុចគល់ដោះខាងឆ្វេង ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលខាងលើបន្តទៀតថា ជនសង្ស័យ និងជនរងរបួសមានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ដែលបានកើតឡើងក្នុងវង់ផឹកសុីជាមួយគ្នា កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប៉ុន្តែទោសជាយ៉ាងណាក្ដី ៖ ប្រភពមិនបានបញ្ជាក់ច្បាស់លាស់អំពីការទំនាស់ពាក្យសម្ដីនោះ ផ្ដើមចេញពីចំណុចណានោះទេ ៕
ដោយ៖ បុឹម ពិន