ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រួមជាមួយមេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកអភិបាលរងខេត្ត អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យយោធា របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ សហការជួយមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យកសំណាក ប្រជាពលរដ្ឋខ្មែ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ១៩ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យយោធា ទិសទី១ យោធភូមិភាគទី៥ បានចុះយកសំណាករយះពេល៤ថ្ងៃ មកហើយ គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១នេះ និងបានយកសំណាកបានជាង២០០០នាក់។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យយោធា ចំណុះឲ្យទិសទី១ បន្ទាយមានជ័យ បានបណ្តុះបណ្តាល បច្ចេកទេសយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យបច្ចេកទេស មកពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត អោយបានលឿន និងទាន់ពេលវេលា ធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានអរគុណដល់ក្រុមគ្រូពេទ្យយោធា ទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចទទួលខុសត្រូវ ដោយមិនរុញរា ក្នុងបេសកកម្មនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
ដោយ៖ សូរិយា