ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២១និងផែនការអនុវត្តបន្តក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥និងមានការចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគក៏ដូចជានាយកសាលាពលទាហានទី៥,នាយកមន្ទីរពេទ្យ,មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅបន្ទប់ប្រជុំយោធភូមិភាគទី៥។
មានប្រសាសន៍បូកសរុបលោក មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទី៥ទាំងអស់ដែលកន្លងមកអនុវត្តបានល្អតាមបទបញ្ជា និងតាមការណែនាំ យើងបានបញ្ជូនកម្លាំងចុះតាមបណ្ដោយព្រំដែនសហការត្រួតពិនិត្យពលករឆ្លងដែនមកពីថៃនិងកម្លាំងចូលរួមសហការបិទខ្ទប់នៅតំបន់ក្រហមក្រុងប៉ោយប៉ែតនិងបានបញ្ចូលក្រុមគ្រូពេទ្យយោធាចុះជួយយកសំណាករកកូវីដ១៩ហើយក៏បានចាត់តាំងឲ្យកម្លាំងចុះជួយប្រជាពលរដ្ឋមានការខ្វះខាតពិសេសសង្គ្រោះបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។
ទិសដៅបន្តស្នើតាមដានក្តាប់សភាពកាណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេលវេលា,ត្រូវបន្តអនុវត្តភារកិច្ចទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ តាមព្រំដែន និងក្នុងសហគមន៍ដែលកំពុងរាលដាលខ្លាំង, ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសបន្តការចុះជួយសង្គ្រោះប្រជាពលរដ្ឋ,ត្រូវបន្តណែនាំអប់រំជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាលនិងអនុវត្តឲ្យម៉ឺងម៉ាត់ ៣ការពារនិង៣កុំ ដើម្បីកាត់ផ្តាច់ការចម្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍៕
ដោយ៖ សូរិយា