ខេត្តកណ្ដាល៖ នៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុមមានគ្នាចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចលុយនៅផ្ទះវេរលុយមួយកន្លែង ប្រមូលអស់លុយចំនួន៣៦លានរៀល និងប្រាក់ដុល្លារ១០០០ដុល្លារសហរដ្ឋអាមេរិក នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យចំនួន៥នាក់ ស្រី១នាក់ (មិនស្គាល់អត្តសញ្ញាណ)។ដោយឡែកសម្ភារបាត់បង់រួមមាន៖ លុយខ្មែរចំនួន៣៦.០០០.០០០ រៀល, លុយដុល្លារចំនួន ១០០០ដុល្លារ, សៀវភៅធនាគារអម្រិត ចំនួន២ក្បាល, កាតវីងចំនួន២សន្លឹកនិងកាបូបស្ពាយចំហៀងចំនួន១។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំមុនពេលកេីតហេតុ ជនរងគ្រោះបានបេីកតូបលក់អីវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដងដោយមានអ្នកមកទិញដូរធម្មតា។ លុះមកដល់ម៉ោង៨និង៣២នាទី មានក្រុមជនសង្ស័យ២នាក់(ស្រី១នាក់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខមកឈប់នៅមុខតូបលក់ចាប់ហួយរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់ភេទស្រីបានចុះពីលេីម៉ូតូដេីរមកសួរជនរងគ្រោះដេីម្បីដូរលុយ រួចបានដកលុយ១០០ដុល្លារឱ្យទៅជនរងគ្រោះ ខណៈនោះជនរងគ្រោះក៏បានចូលក្នុងទូវីងដេីម្បីដូរលុយឱ្យជនសង្ស័យ រួចហេីយជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ រហូតដល់ម៉ោង៨និង៥២នាទី ក្រុមជនសង្ស័យដដែលបានជិះម៉ូតូចំនួន៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀរ Ganzbergចំនួនមួយកេស ហើយដោយឃេីញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដេីរចូលក្នុងទូវីង ធ្វើសកម្មភាពភាពលួចយកលុយរបស់ ជនរងគ្រោះហេីយនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់ទៅ រហូតមួយសន្ទុះក្រោយមកទេីបជនរងគ្រោះដឹងថាបាត់លុយទេីបតេតាមទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ។
បច្ចុប្បន្នកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបានចុះមកដល់កន្លែងកេីតហេតុដេីម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត៕
ដោយ៖ ស្អាងជ័យ