ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូពីរនាក់ក្មួយស្រី ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះរថយន្តធ្វើឱ្យដួលទៅលើថ្នល់បណ្តាលឱ្យបុរសជាពូបាក់ជើងខាងឆ្វេង ចំណែកក្មួយស្រីមិនមានរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់ចំណុចភ្លើងស្តុបសាលាដែក ផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបក្មួយស្រី ដែលម៉ូតូនោះម៉ាកហុងដាឌ្រីមពាក់ស្លាកលេខ ភ្នំពេញ 1DC-6773 តាមបណ្ដោយផ្លូវសាលាដែកក្នុងទិសដៅពីលិចទៅកើត ចេញពីផ្ទះបងប្អូន ខណៈពេលធ្វើដំណើរមកដល់ចំណុចភ្លើងស្តុបសាលាដែកត្រង់ផ្លូវបំបែកជា៣ ផ្លូវជាតិលេខ៥ កែងផ្លូវសាលាដែក ម៉ូតូក៏បានបត់ឆ្វេងដើម្បីឆ្លងផ្លូវ ហើយពេលកំពុងឆ្លងស្រាប់តែទៅប៉ះជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យដួលម៉ូតូ ហើយបុរសជាពូបានបាក់ជើងខាងឆ្វេង ចំណែកក្មួយស្រីមិនមានរបួសនោះទេ រីឯរថយន្តបានបន្តល្បឿនទៅមុខទៀតបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងក្រុមគ្រួសារជនរងគ្រោះ បានចុះមកដល់ទីតាំងកើតហេតុរួចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖ រ៉ារ៉ា