ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងនៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១៥ និង៣០ នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

     សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ មានផ្ទះទី១-ទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលហ្វីប្រូសុីម៉ងត៍ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១ គ្រឿង ស្រូវ២.៥ តោន ម៉ាស៊ីនបូមទឹក០៣ គ្រឿង។

  និងទី២/ផ្ទះទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងអស់មួយចំហៀង)។

     តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ គេឃើញផ្សែងបានហុយចេញខ្មួលខ្មាញ់ ឡើងមកលើ បាននាំគ្នាចេញជួួយពន្លត់ និងបានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យស្រុកកំពង់ត្រឡាចជួយពន្លត់ មិនឲ្យឆេះរាលដាលបន្តទៀត។

ក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ទឹក១រថយន្ត  នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច ករណីអគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕

ដោយ៖ ចន្ថា


ចែករំលែក៖