ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១ អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”បានទទួលនូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលអាជ្ញាធរខេត្តស្ទឹងត្រែងរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ មកពីរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្ទឹងត្រែង សូមយកឱកាសនេះ ជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា, នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈ លទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស (Abbott Panbio’M COVID-19 Ag) បានរកឃើញវិជ្ជមានមួយករណីលើប្រជាពលរដ្ឋ ចំនួន ១នាក់ ជាករណីទី២ ក្នុងខេត្តស្ទឹងត្រែង លើស្រ្តី ឈ្មោះ គឹម ឆវី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើដំណើរពី ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកកាន់ខេត្តស្ទឹងត្រែងតាមរថយន្តដឹកអ្នកដំណើរភ្នំពេញ-ស្ទឹងត្រែង នាថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅគោលដៅព្រំប្រទល់ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (ចំណុចអូរច្រឡង់)ធ្វើការពិនិត្យសុខភាព និងធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ-១៩។
បច្ចុប្បន្នអ្នកជំងឺបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ អ្នករួមដំណើរជាមួយក្នុងរថយន្តដឹកអ្នកដំណើរនោះ មានចំនួន ១២នាក់ រួមទាំងអ្នកបើកបរ បានយកសំណាកធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់ បច្ចុប្បន្នបានដាក់ ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិតស្រាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីតាមដាន សុខភាពបន្ត និងធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩ តាមបទដ្ឋានបច្ចេកទេសសុខាភិបាល។
ក្នុងអំឡុងពេលនៃការធ្វើដំណើរ រថយន្តដឹកអ្នកដំណើរនេះ បានឈប់ចតនៅចំណុចភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយមានអ្នកដំណើរ ១នាក់ បានចុះនៅទីតាំងនោះ។ ក្រុមការងារ ជំនាញកំពុងធ្វើការទំនាក់ទំនងសាមីខ្លួន ដើម្បីមកពិនិត្យស្ថានភាពសុខភាព និងយកសំណាកវិភាគ។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលសង្ស័យមានការពាក់ ព័ន្ធនឹងករណីជំងឺកូវីដ-១៩ សូមជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តតាមលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីពិនិត្យ និងអនុវត្តវិធានការទាន់ពេលវេលា។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន គ្រប់អ្នកពាក់ ព័ន្ធទាំងអស់ ទទួលជ្រាប និងចូលរួមអនុវត្តរាល់វិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាពព្រមៗគ្នា៕
ដោយ៖ សុខ ខេមរា