ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ថៃ​ និង​វៀតណាម​ ​​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​កម្ពុជា​ បានធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ​២០២១ នាពេល​ថ្មីៗ​កន្លងទៅនេះ ប្រទេស​កម្ពុជា និង​ប្រទេស ជា​សមាជិក​អាស៊ាន បាន​ប្តេជ្ញា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​ក្នុង​តំបន់ ខណៈដែល​វិស័យនេះ​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​ នេះបើ​យោងតាម​កិច្ចប្រជុំ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី​៤០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ជាក់ស្ដែង​បច្ចុប្បន្ននេះ​ ​សមាជិក​អាស៊ាន​ទាំងអស់​កំពុង​ពិភាក្សា​រក​វិធី​សម្របសម្រួល​ការដឹកជញ្ជូន​ឱ្យមាន​ភាពប្រសើរឡើង​ដោយ​ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន​៤​បានចាប់ផ្តើម​អនុវត្ត​ជា​ជំហានៗ ដើម្បី​ស្តារ​ការដឹកជញ្ជូន​ក្នុង​តំបន់​ឡើងវិញ ប៉ុន្តែ​ដោយសារតែ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ការអនុវត្ត​កិច្ចព្រមព្រៀង ទាំងនេះ​បាន​ជួបប្រទះ​នូវ​បញ្ហា​រអាក់រអួល​។​

​ទន្ទឹមនឹង​នេះ​ ភាគី​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ភាគី​ថៃ​ក្នុងការ រិះរក​នីតិវិធី​បើក​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​បើក​ច្រកទ្វារព្រំដែន​ព្រៃ​វ​ល្លិ៍​-​ព្រែក​ចាក ផងដែរ​។ ប្រសិនបើ​ច្រកទ្វារ​ទាំងនេះ​ត្រូវបាន​បើក​ដំណើរការ​វា​នឹង​ជួយ​សម្រួល ដល់​ការដឹក ជញ្ជូន​ទំនិញ ជំរុញ​កំណើន​ពាណិជ្ជកម្ម ទេសចរណ៍​បើកឱកាស​យ៉ាង ទូលំទូលាយ​ដល់​កិច្ច​សហប្រតិបត្តិ ការ​អន្តរជាតិ ការវិនិយោគ​ការធ្វើ​ពាណិជ្ជកម្ម ឆ្លងដែន ការបង្កើត​ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សំដៅ​លើកកម្ពស់ សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ផងដែរ​។

​បន្ថែមពីនេះ​ កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រែង​ប្រែង​ពង្រីក និង​បង្កើន​ចំនួន​គន្លង ផ្លូវ​ដឹកជញ្ជូន​នៅ​ច្រក ទ្វារ​ព្រំដែន​បាវិត ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​កាត់បន្ថយ​ការ កកស្ទះ​ចរាចរណ៍ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឱ្យបាន​ឆាប់រហ័ស​ទៅមក​ជាមួយ ភាគី​វៀតណាម​។​

​ទោះជា​យ៉ាងណាក៏ដោយ​ការដឹកជញ្ជូន​ទំនិញ​នៅក្នុង​តំបន់​អាស៊ាន​នៅតែមាន​ភាពល្អ ប្រសើរ​ជាទូទៅ ទោះបី​ជាមាន​ឧបសគ្គ​ខ្លះ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាលដាល​។ ការដឹកជញ្ជូន​របស់​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​រាំងស្ទះ​ដោយសារតែ​សមាជិក អាស៊ាន​បាន​រឹតបន្តឹង​សន្តិសុខ​ផ្ទៃក្នុង​របស់ខ្លួន​រៀងៗ​ខ្លួន ក្នុងនោះ​ប្រទេស​នីមួយៗ របស់​អាស៊ាន​បាន​រឹតបន្ដឹង​ការឆ្លងកាត់​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ឧទាហរណ៍ ពីមុន គេ​អាច​ដឹកទំនិញ​បាន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ឥឡូវ​ត្រូវ​ចំណាយពេល​ពី​២​ទៅ​៣​ថ្ងៃ ទើប​អាចធ្វើ​ទៅបាន​។ ចំពោះ ការដឹកជញ្ជូន​ទ្វេភាគី​នៅតែមាន​ភាពរលូន​បន្ទា​ប់​ពី មាន​វិបត្តិ​កូ​វីដ​-១៩ អស់​រយៈពេល​ជាង មួយឆ្នាំ​កន្លងទៅ​។

​គួរជម្រាបថា​ លេខាធិការដ្ឋាន​អាស៊ាន កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១កន្លងទៅ​ បានរៀបចំ​សិក្ខាសាលា​លើកទីមួយ​លើក​សាង​សមត្ថភាព​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ ក្រោម​ប្រធានបទ​៖ “​ការរក្សា​ការតភ្ជាប់​សម្រាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រកប ដោយ​ប្រសិទ្ធភាព និង​ភាព​ធន់​” សហការ​ជាមួយ​អង្គការ​UNESCAP និង​វេទិកា ដឹកជញ្ជូន​អន្តរជាតិ​(ITF) ដើម្បី​ប្រមូល​ធាតុ​ចូល និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​នៃ​ការដឹកជញ្ជូន​របស់​អា​ស៊ាន​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាតត្បាត ជំងឺ​កូ​វីដ​-១៩ ដោយ មានការ​ចូលរួម​ពី​តំណាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ នៅ​ទីក្រុង​Jakarta ប្រទេស​ឥណ្ឌូនេស៊ី​។​

​គួរបញ្ជាក់ថា​ ​​ប្រទេស​កម្ពុជា​ បច្ចុប្បន្នកំពុង​រិះរក​វិធានការ​អនុវត្ត​ប្រកបដោយ ប្រសិទ្ធភាព និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចូលរួម​កាត់បន្ថយ​ចំណាយ​លើ​សេវា​ដឹកជញ្ជូន ទំនិញ​នៅ​កម្ពុជា និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម របស់​រាជរដ្ឋាភិបាល និង​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង ស្ថានភាព​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩៕​ដោយ​៖សហការី​


ចែករំលែក៖