ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា សង្ស័យមានគេលួចដុត

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាម អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានសរសេររៀបរាប់បញ្ជាក់អោយដឹងថា, លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ ។

លោក គង់ មង្គល បានឲ្យដឹងទៀតថា, គិតមកទល់ព្រឹកថ្ងៃទី១៩ ខែឧសភានេះ ភ្លើងបានឆេះព្រៃលិចទឹកអស់ប្រមាណជា១០០ហិកតា ហើយការឆេះព្រៃលិចទឹកនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាបានបង្កឡើងដោយមនុស្ស ដែលពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ ។

គួររំលឹកថា បឹងពារាំង ជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់មួយនៅជាប់មាត់បឹងទន្លេសាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ចុងឃ្នៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ហើយបឹងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ៕

ដោយ៖ សហការី


ចែករំលែក៖