ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែងចំពោះអ្នកដែលល្មើសនឹងបំរាមគោចរនិងអ្នកដែលលួចចេញពីតំបន់លឿងទុំដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាតយកមកអនុវត្តក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូ ចាប់ពីថ្ងៃទី២០ខែឧសភា រហូតដល់ថ្ងៃទី២៧ ខែឧសភាខាងមុខនេះ ដើម្បីផ្តាច់ឫសគល់ជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង បានលើកឡើងទៀតថា ១សប្តាហ៍ទៀត(ថ្ងៃទី២០ ដល់ថ្ងៃទី២៧ឧសភា)ដែលយើងត្រូវអនុវត្តនេះជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្តដែលធ្វើចរាចរណ៍ល្មើស ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។
លោកបញ្ជាក់ថា ការផាកពិន័យនេះរដ្ឋបាលរាជធានី គ្មានចេតនាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរនិងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់អាជ្ញាធរនិងក្រសួងសុខាភិបាលផងហ្នឹង ។ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋទាំង២៥នេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ ។
លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរនិងកម្លាំងទាំងអស់បន្តការផ្សព្វផ្សាយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា៕
ដោយ៖ សំរិត