ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមបន្តតាមចាប់ខ្លួននារីដែលដឹកជនដៃដល់ទៅកាច់កម៉ូតូគេហើយប្រើអាវុធបាញ់គំរាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ​ក្រោយពីបង្រ្កាបក្រុមចោរកាច់កម៉ូតូមានកាំភ្លើងបាញ់គំរាម យ៉ាងសកម្មនៅក្នុងក្រុងកំពង់ចាមដោយជោគជ័យកាលពីពេលថ្មីៗនេះ នគរបាល​ផែនការងារ​ព្រហ្មទណ្ឌ​បានពន្លាតដែនសមត្ថកិច្ចរបស់ខ្លួនបន្តតាមចាប់ខ្លួនបក្ខពួករបស់ក្រុមចោរនេះបន្តទៀត ព្រោះ ក្រោយពីធ្វើសកម្មភាពរួច បក្ខពួកជាស្រ្តីម្នាក់បានរត់ទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ។ 

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ  លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា រូបលោកបានចាត់ឱ្យកម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍​ឯក ចាន់ ហោ​ អនុប្រធានការិយាល័យផែនការងារព្រហ្មទណ្ឌ ទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចុះអនុវត្តដីកានាំខ្លួនលេខ ៤២១ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅ​ក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់​ចាម នៅចំណុចសាលារៀនទឹកលិច ស្ថិតក្នុងឃុំទឹកលិច ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលបង្គាប់ឲ្យនាំខ្លួនឈ្មោះ គី ចន្ថា​ ហៅស្រីមុំ ភេទស្រី​ អាយុ២៥ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ​ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ឱ្យដឹងតាមចម្លើយសារភាពរបស់ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន គឺនារីរូបនេះជាអ្នកដឹកជនដៃដល់ឱ្យធ្វេី​សកម្មភាព​ប្រព្រឹត្តបទលើ្មសតាម​រយៈសកម្មភាពកាច់កម៉ូតូដោយប្រើកាំភ្លើង​បាញ់គំរាម​ នៅចំណុចភូមិបឹង​កុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។ 

សូម​រំលឹក​​ថា​ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ​ នគរបាល​បានឃាត់ខ្លួន​ជនសង្ស័យ​៥នាក់​ ក្នុងនោះ៣នាក់ជាប់ពាក់ព័ន្ធនឹងការប្រេីអាវុធបាញ់គំរាមប្លន់យកទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ ដែលកន្លងមកក្រុមនេះធ្លាប់ធ្វើសកម្មភាពចំនួន១៥លើកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ហើយយក​ទៅលក់នៅរាជធានីភ្នំពេញ និង២​នាក់ទៀតជាអ្នកចាំទទួលទិញផលចោរ​កម្ម​នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិត​នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បី​បញ្ជូនពួកគេទៅកាន់​ សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ ។ 

កិច្ច​សហការ​ប្រតិបត្តិការ​នេះចូលរួមដោយកម្លាំងជំនាញផែនការងារនគរ​បាល​ព្រហ្មទណ្ឌ, កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ៕ ដោយ ៖ វណ្ណៈ


ចែករំលែក៖