ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ចោរជំនាញបន្លំ​ចូល​លួច​ទ្រព្យសម្បត្តិ​អ្នកជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ ទៅតុលាការ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ ជនសង្ស័យម្នាក់​ ដែល​ជាមុខសញ្ញាចោរលួចទូរស័ព្ទ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ របស់អ្នកជំងឺ និងក្រុម​គ្រូពេទ្យស្ទើរតែ​រាល់​យប់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ស្ថិតនៅ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ យ៉ាងសកម្មនោះ​ អស់លក្ខណ៍​ត្រូវ​កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ឃាត់​ខ្លួន​បញ្ជូន​ខ្លួន​ទៅ​កាន់សាលាដំបូង​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ នៅថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១នេះ។

​បេីតាមសម្តីលោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​ដ្ឋា​ន កងរាជអាវុធហត្ថ​ខេត្ត នៅព្រឹក​ថ្ងៃ​ពុធ​ទី១៩​ ខែឧសភា​នេះ​ បានឲ្យ​ដឹងថា៖​ ជនសង្ស័យ មានឈ្មោះ សូ ភា​រិ​ទ្ធ អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ជននេះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​បានកាលពី​វេលា​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៧ ឧសភា ខណៈ​ជននេះ បង្ហាញខ្លួន នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ ឈិន សុផារ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​។​

លោក សូ ឌី​ ​បន្តថា​ ជនសង្ស័យ​រូប​នេះ​ បាន​បន្លំ​ខ្លួន​ធ្វើជា​គ្រូពេទ្យ ដើរ​ពិនិត្យ​អ្នកជំងឺ តែ​ពេលយប់​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ផ្សេងៗ របស់រ​អ្នកជំងឺ និង​គ្រូពេទ្យ ហើយ​លើកចុងក្រោយ​អស់​ល័​ក្ខ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រាវជ្រាវ​ចាប់ខ្លួនបាន ហើយ​នាំទៅ​សាកសួរ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​។​

​គួររម្លឹកថា​ កន្លងមក នៅក្នុង​មន្ទីរពេទ្យ​ខេត្ត មាន​អ្នកជំងឺ និង​គ្រូពេទ្យ​មួយចំនួន តែងតែ​បាត់ ទូរស័ព្ទដៃ និង​ទ្រព្យសម្បត្តិ ជា​ញឹកញាប់ ពិសេស​ពេលយប់​ជ្រៅ​។​ ជាក់ស្ដែង​យោងតាម​រូបភាព ដែល​ថត​បាន ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅតាម​អគារ​នានា នៃ​មន្ទីរពេទ្យ បានបង្ហាញ​រូប​ចោរ​នោះ​ច្បាស់ ទើប​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្តង​។​

​ដោយឡែក​ជុំវិញករណីនេះដែរ​ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត លោក មាស សុវណ្ណ បាន​ឲ្យដឹង​ដែរ​ថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយ​សារភាពថារូបគេពិតជាបានធ្វេីសកម្មភាពដូចការចោទប្រកាន់ពិតមែន។​ ទើប​លោក​​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ បញ្ជូនខ្លួន​ជនសង្ស័យ​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ដោយ​៖សហការី​


ចែករំលែក៖