ព័ត៌មានទាន់ហេតុការណ៍៖

អំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជា បានចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន៩៩គ្រួសារក្នុងភូមិខាំភោគ ស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៩៩ គ្រួសារ ដែលកំពុងរងគ្រោះរស់នៅក្នុងភូមិខាំភោគ ដែលប្រព្រឹត្តទៅនៅទីធ្លាសាលារៀនភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយត្រូវបានធ្វើឡើងនៅបរិវេណសាលាបឋមសិក្សា ខាំភោគ ក្រោមអធិបតីភាព លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមលោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក  និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់។

លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា: កាកបាទក្រហមកម្ពុជាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែនជាប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែង ដោយមិនមានប្រកាន់និន្នាការនយោបាយឬពណ៌សម្បុរអ្វីឡើយ។

លោកអភិបាលខេត្តបានបន្តទៀតថា: កន្លងមកថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងក៏តែងតែនាំយកនូវអំណោយមានជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគយកទៅចែកជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងផងដែរ ។ការយកចិត្តទុកដាក់នេះក៏ដោយសារតែប្រជាពលរដ្ឋស្រុកសៀមប៉ាងស្ថិតក្នុងស្រុកដាច់ស្រយាលនិងតែងតែជួបប្រទះនូវគ្រោះធម្មជាតិ មានទឹកជំនន់ គ្រោះរាំងស្ងួត និងប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកនេះ មានជីវភាពខ្វះខាត ទីទ័លក្រ។

ជាមួយគ្នានេះដែរលោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅ ដោយមានអនាម័យ ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ដែលជាប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលមកក្នុងខ្លួនយើង ក្នុងសហគមន៍ និងក្រុមគ្រួសារសាច់ញាតិរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរ អំណោយដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឺងត្រែងនាំយកជូនគ្រួសារងាយរងគ្រោះចំនួន៩៩គ្រួសារនៅក្នុងភូមិ ខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ត្រីខ ១យួ មី១កេស និងឃីត១កញ្ជប់(ភួយ១ ក្រម៉ា១ ម៉ុង១និងសារ៉ុង១)ផងដែរ៕

ដោយ៖ មាស សុផាត


ចែករំលែក៖