ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន!! អាជ្ញាធរខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២ នាក់ក្នុងថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់ ក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកកម្មករកម្មការិនី និងអ្នកសង្ស័យចំនួន ៦១២នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៥២នាក់ មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើសូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ” និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖