ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអាមេរិកអនុម័តសេចក្តីសម្រេចបើកការស្រាវជ្រាវ អំពើហិង្សានៅវិមានកាពីតូល

ចែករំលែក៖

រដ្ឋសភាអាមេរិក កាលពីថ្ងៃទី ១៩ខែឧសភា(ពេលវេលាអាមេរិក) បានបោះឆ្នោតអនុម័ត ស្តីពីការបង្កើតគណៈកម្មការឯករាជដើម្បីស្រាវជ្រាវអំពើហិង្សា ដែលកើតឡើងនៅវិមានរដ្ឋសភា (វិមានកាពីតូល)។ ការបោះឆ្នោតអនុម័តទទួលបានការគាំទ្រ ដល់ទៅ ២៥២ ចំណែកប្រឆាំងវិញមាន ១៧៥ សំឡេង។ ក្រុមតំណាងរាស្ត្រប្រឆាំងគឺជាអ្នកធ្លាប់គាំទ្រអតីតប្រធានាធិបតីត្រាំ។
តាមប្រភពព័ត៌មានគណៈកម្មការ នឹងធ្វើការដូចជា ក្រុមស្រាវជ្រាវទៅលើការវាយប្រហារភេរវកម្មនៅក្នុងទឹកដីអាមេរិក កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ ច្បាប់ដែលរដ្ឋសភាអនុម័តនឹងបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភាបោះឆ្នោតអនុម័តជាបន្ត មុនពេលបញ្ជូនទៅកាន់ប្រទធានាធិបតី ចូ បៃឌិន ចុះហត្ថលេខាអនុម័តទៅជាច្បាប់។
ការវាយប្រហារនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ខែមករា ធ្វើឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ ក្នុងគោលដៅរារាំងរដ្ឋសភា អនុម័តគាំទ្រលោក បៃឌិន ជាប់ឆ្នោតប្រធានាធិបតី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិសផងដែរ។
បណ្តាតំណាងរាស្ត្រគណៈបក្សប្រជាធិបតេយ្យពេលនោះបានសម្រេចចោទប្រកាន់លោកត្រាំ ពីបទ ញុះញ៉ង់ឲ្យមានអំពើហិង្សាកើតឡើង ។ ប៉ុន្តែនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ខែកុម្ភៈ ព្រឹទ្ធសភាបានបោះឆ្នោត ច្រានចោលការចោទប្រកាន់លោកត្រាំ៕ដោយ៖ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖