ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ រវាងរថយន្ត មន្ត្រីអាវុធហត្ថម្នាក់ បើករថយន្ត ស្លាកលេខ ខ.ម. បុកម៉ូតូអូសជាង២០ម៉ែត្រ នៅលើផ្លូវជាតិលេខ៨ ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីម៉ោងជាង៦ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ឡាក់ អាយុ៦៩ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើកម៉ូតូម៉ាកហុងដាឌ្រីមសង់ C 125ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1G.7008 បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកតៃកុងរថយន្តឈ្មោះ សុខា ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងឆ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើករថយន្តម៉ាកលុចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.0709 ជាមន្ត្រីកងរាជអាវុធហត្ថ។
លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានអោយដឹងថា ៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិៈម៉ូតូដឹកជី ចេញពីផ្ទះទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវ លុះឆ្លងផ្លូវមិនទាន់ផុត គ្រាន់តែហួសកំនូស ស ចែកទ្រូងផ្លូវ ជាង២០ម៉ែត្រ ក៏ត្រូវរថយន្ត១គ្រឿង បើកទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹងអូសជាង២០ម៉ែត្រ និងរុញម៉ូតូនិងមនុស្សផ្ទប់និងរបងថ្ម ដែលនៅខាងត្បូងផ្លូវ បណ្ដាលឱ្យជនរងគ្រោះអ្នកជិៈម៉ូតូរងរបួសធ្ងន់ ហើយពេលដឹកយកទៅសង្រ្គោះបន្ទាន់ ប៉ុន្តែជាអកុសល បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។
លោកបន្តថា ៖ ករណីនេះសមត្ថកិច្ចបានឃាត់តៃកុងរថយន្តហើយ ដើម្បីចាត់ការតាមនីតិវិធី ហើយចំពោះរថយន្ត រួមទាំងម៉ូតូ ក៏ត្រូវយកមករក្សាទុកជាបណ្ដោះអាសន្នផងដែរ៕
ដោយ៖ ជ្រោយពេជ្រ