ខេត្តកណ្តាល៖ បេីគិតត្រឹមវេលាម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានប្រជាពលរដ្ឋរស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានស្លាប់ជាបន្តបន្ទាប់ សរុបចំនួន១២នាក់ហើយ និង៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់ពីលោក មន សុឃឿន មេឃុំសារិកាកែវ។
ប៉ុន្តែទោះយ៉ាងណា ជុំវិញករណីមនុស្សស្លាប់បន្តបន្ទាប់គ្នាចំនួន១២នាក់ និងសម្រាកព្យាបាល៥នាក់ខាងលើនេះ លោក មន សុឃឿន ក៏មិនទាន់ហ៊ានបញ្ជាក់ប្រាប់ពីមូលហេតុឲ្យដឹងច្បាស់នោះទេ ព្រោះមន្ត្រីជំនាញកំពុងតែចុះស្រាវជ្រាវ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ តែលទ្ធផលពុំទាន់ដឹងឡើយ។
ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ ក្រុមយុវជន និងប្រជាការពារភូមិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានប្រមូលអ្នកពាក់ព័ន្ធដែលទៅចូលរួមពិធីបុណ្យស.ពនោះចំនួន៨៤នាក់មកពិនិត្យសុខភាព ប៉ុន្តែដោយសុខភាពពួកគាត់ធម្មតា ក៏ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញផងដែរ។ ចំណែកក្រុមគ្រួសារអ្នកស្លាប់បានដាក់ការសង្ស័យថា៖ ចំពោះការស្លាប់របស់ប្តី ឬកូនចៅគាត់ គឺបណ្តាលមកពីពុលស្រា.ស ដែលផឹកពេលទៅកំដរបុណ្យសពគេក្បែរផ្ទះ លុះពេលមកដល់ផ្ទះវិញក៏មានអាការៈក្តៅស្រែកទឹក និងរឹងខ្ញង់ដៃជើង បានតែ១ថ្ងៃឬ២ថ្ងៃ ក៏បែកពពុះមាត់ត្រដរដាច់ខ្យល់ស្លាប់តែម្តង។
ប្រភពដដែល បន្តថា ខ្លះទៀតមានអាការៈដូចគ្នា លុះយកទៅមន្ទីរពេទ្យបង្អែកស្រុក បានតែ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ឬ៦ថ្ងៃ ៧ថ្ងៃ ឬក៏៨ថ្ងៃ ទៅ៩ថ្ងៃ គឺដាច់ខ្យល់ស្លា.ប់ជាបន្តបន្ទាប់គ្នា។ ចុងក្រោយ ក្រុមគ្រួសារស.ពទាំង១២នាក់ខាងលើ សូមសំណូមពរដល់អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញ មេត្តាជួយអោយបានដឹងលទ្ធផលឆាប់ៗផង។
គួរជម្រាបថា ហេតុការណ៍នេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីពួកគាត់បានទៅចូលរួមកំដរក្នុងពិធីបុណ្យសពអ្នកភូមិជាមួយគ្នា ហើយបានផឹកស្រា.ស។
ដោយឡែកជុំវិញករណីនេះដែរ លោក កន សុកកាយ អភិបាលស្រុកល្វាឯម កាលពីថ្ងៃទី១៩ ឧសភានេះដែរ បានឲ្យដឹងថា លទ្ធផលធ្វើតេស្តទៅលើតៀមលក់ស្រា-ស ស្រាថ្នាំទាំង២៨តូប មានស្ទើរតែទាំងអស់ដែលលក់ស្រា-ស មានលាយសារធាតុមេតាណុលពុលនេះលើសកម្រិត។ រីឯផ្ទះផលិតស្រាវិញ ដែលមានម្ចាស់ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការសង្ស័យរង់ចាំការស៊ើបដោយជំនាញបន្តទៀត។
លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃរសៀលថ្ងៃដដែលនេះ អាជ្ញាធរបានកោះហៅពលរដ្ឋដែលបានផឹកស្រាស ស្រាថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភាកន្លងទៅ មកពិនិត្យសុខភាពបាន ៥៦នាក់ ក្នុងនោះមានមនុស្សចំនួន ៥នាក់ ស្ថិតក្នុងអាការៈត្រូវសង្រ្គោះ ហើយលោកបានបញ្ជូនមនុស្សមកធ្វើការព្យាបាលនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញរួចហើយ។ សម្រាប់រសៀលនេះ អាជ្ញាធរបន្តពិនិត្យមនុស្សជាង ២០នាក់ផ្សេងទៀត ដែលបានផឹកស្រាស ស្រាថ្នាំនេះដែរ ដើម្បីប្រាកដថា ពួកគាត់អាចមានបញ្ហាគ្មាន។ ក្នុងករណីសង្ស័យថា មានភាពមិនប្រក្រតីតិចតួចក្ដី ក៏អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ទាន់ទៅលើបងប្អូនប្រជាពលរដ្ឋផងដែរ។ រីឯស្រាស ស្រាថ្នាំទាំងអស់ត្រូវបានលោកសុំគោលការណ៍ ដើម្បីដុតកម្ទេចចោលទាំងអស់ មិនឱ្យនៅសល់ទៀតឡើយ។
លោកបញ្ជាក់ទៀតថា ថ្ងៃនេះលោកបានកោះហៅមេឃុំទាំង១៤ មកប្រជុំបន្ទាន់ ដើម្បីដាក់ផែនការបិទការលក់ស្រានៅតាមតូប ឬតៀមគ្រប់ប្រភេទ និងពិសេសកន្លែងផលិតស្រាគ្រប់ប្រភេទ ត្រូវមានវិធានការណ៍ម៉ឺងម៉ាត់បំផុត។ បើករណីរកឃើញថា ហ៊ានលួចលក់ទៀត អាជ្ញាធរចាត់ការតាមច្បាប់ភ្លាមៗតែម្ដង គ្មានការយោគយល់ទេ ក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានមិនឱ្យមានបញ្ហាតទៅមុខទៀត។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកល្វាឯម ពិសេសនោះគឺអ្នកដែលបានហូបស្រា ស ស្រាថ្នាំ ដែលទិញពីស្រុកល្វាឯម សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រាទាំងនេះមានផ្ទុកសារធាតុមេតាណុល លើសកម្រិត ដែលបង្កឱ្យពុលមនុស្ស ឈានដល់ការបាត់បង់អាយុជីវិតបាន។
ចំពោះករណីនេះ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្ដាល បានអះអាងថា ការផលិតស្រាគ្រប់ប្រភេទនៅតំបន់នោះ គឺ «គ្មានច្បាប់អនុញ្ញាតនោះទេ»។ កន្លងមកលោកបានធ្លាប់អប់រំ ណែនាំប្រជាពលរដ្ឋដែលផលិតស្រាលក់ ត្រូវមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំលាយលើសកម្រិត កុំធ្វើហួសប្រមាណដោយសេចក្ដីលោភលន់ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទទួលទាន។ ប៉ុន្តែជាលទ្ធផលឃើញថា ពួកគាត់បែជាបានប្រព្រឹត្តកំហុសបង្កឲ្យមនុស្សស្លាប់ទាំង១១នាក់ និងគ្រោះថ្នាក់ដល់អ្នកដទៃទៀតដែលបានពិសារស្រារបស់គាត់។
បន្ថែមពីនេះ លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានសង្កត់ធ្ងន់ថា ការស្លាប់របស់ពួកគាត់ជាបន្តបន្ទាប់នេះ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ៕ដោយ៖សហការី