ព័ត៌មានទាន់ហេតុការណ៍៖

វិស័យឯកជនបន្តចូលរួមឧត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកធុរកិច្ច នៃវិស័យឯកជនក្នុងនិងក្រៅប្រទេស បានបន្តចូលរួមឧបត្ថម្ភជាសម្ភារ ថវិកានិងស្បៀងអាហារជាច្រើនមុខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបងប្អូនទាំងនោះ។ ជាក់ស្តែង ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល  នៅថ្ងៃទី២១ ខែឧសភានេះបាន នាំយកស្បៀងអាហារមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផល ប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនូវឡើយ។

ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល នៅសាលារាជធានីភ្នំពេញ ។

    លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ឡាក់ ដែលបានឧបត្ថម្ភ មី ចំនួន២០០កេស, ត្រីខចំនួន២០០កេស,ដុំស៊ុបមាន់ពីរប្រភេទចំនួន២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។

  លោក អភិបាលរងរាជធានី បានបន្តថា៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជូប ប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-i9)។ សមាណចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិ បាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ 

ដោយ ៖ សំរិត


ចែករំលែក៖