ភ្នំពេញ៖ បេីយោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់បាត់បង់ជីវិត។
អគ្គនាយកដ្ឋាន ក.ប.ប បន្តថា ជាក់ស្ដែងថ្មីៗនេះទៀតសោត ក៏មានករណីពុលនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋ១១នាក់បានស្លាប់បាត់បង់ជីវិត ដែលមូលហេតុគឺផ្តោតការសង្ស័យបណ្តាលមកពីការពុលស្រា។
យោងលទ្ធផលវិភាគ លើសំណាកស្រាស និងស្រាថ្នាំដែលប្រមូលបានពីទីតាំងកើតហេតុ បានបង្ហាញថា សំណាកស្រាចំនួន០៧ ក្នុងចំណោម១២ សំណាក មានវត្តមានសារធាតុមេតាណុលដែលជាសារធាតុពុលច្រើនហួសកម្រិតអនុញ្ញាតពី ១០ដង ទៅ១០០ដង ដែលអាចបង្កឱ្យប្រជាពលរដ្ឋស្លាប់ ប្រសិនបើបរិភោគចាប់ពី ១០០ មីលីលីត្រឡើងទៅ។
អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ មន្រ្តីជំនាញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូន៕ដោយ៖សហការី
សូមស្វែងយល់អំពីការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់ដល់សុខភាពដូចខាងក្រោម៖
ប្រភពពី៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប)