ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញកង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ! កម្ពុជា​ រកចំណូលបានជិត២០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ បានបញ្ជាក់ថា​ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៥០លានដុល្លារ។

របាយការណ៍ដដែល​ បន្តថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។

ជាមួយគ្នានេះ​ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។

រដ្ឋលេខាធិការរូបនេះ​ បន្ថែម​ទៀត​ថា​ ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពល ទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។​

លេីសពីនេះ​ លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការមានកំណើន នូវការនាំចេញកង់ពីកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន​ដូចខាងក្រោម​៖

-ទី១៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា
-ទី២៖ មានការជឿទុកចិត្ត ពីអ្នកបញ្ជាទិញ
-ទី៣៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញកង់ច្រើន ដោយមានទីផ្សារទូលំទូលាយ។

គួរជម្រាបថា​ ប្រទេស​កម្ពុជា រយៈ​ពេញមួយឆ្នាំ២០២០កន្លងទៅ​នេះ ទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

គួរបញ្ជាក់ថា​ ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-៕ដោយ​៖សហការី​


ចែករំលែក៖