ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋពីរនាក់ត្រូវ បានស្លាប់ដោយបាតុភូតធម្មជាតិរន្ទះបាញ់ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ នៅអំឡុងម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
ប្រជាពលរដ្ឋរងគ្រោះដោយត្រូវរន្ទះ បាញ់ស្លាប់ ទី១/ឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ៣១ឆ្នាំ និងទី២/ឈ្មោះ វេង ស៊ាងហេង អាយុ២០ ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលឃុំគគីរបានអោយដឹងថា នៅវេលាម៉ោងប្រមាណ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់នៅចំណុចវាលស្រែ ខាងកើតភូមិគគីជើង ឃុំគគី ស្រុកមេមត់ បណ្តាលអោយបុរស២នាក់បានស្លាប់ នៅពេលអ្នកទាំងពីរនាក់កំពុងភ្ជួរស្រែទាំងមានធ្លាក់ភ្លៀងលាយខ្យល់ ។
បើតាមការរៀបរាប់របស់លោកទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះប្រាប់ថា ពេលមេឃភ្លៀងខ្លាំងអ្នកទាំង២ បានពន្លត់ម៉ាស៊ីនគោយន្ត ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបាញ់ចំស្លាប់ទាំង២ស្លាប់ភ្លាមៗតែម្តង ។
សពកំពុងរៀបចំធ្វេីបុណ្យឧទ្ទិសកុសលជូនជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់តាមប្រពៃណី ៕
ដោយ ៖ វណ្ណៈ