ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែក្លិបម្នាក់​និងបុគ្គលិក​ជាជនជាតិចិនចំនួន​១០នាក់​(​ ស្រី​ ២នាក់​ )​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​នៅព្រឹកថ្ងៃទី២២ឧសភានេះ

ចែករំលែក៖

ភ្នំពេញ៖ ថៅកែក្លិបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​១០នាក់​ (​ស្រី​ ២នាក់​)​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​នៅព្រឹកនេះ ចំណែក​​ភ្ញៀវចំនួន​៣៤នាក់​ទៀត (ស្រី​១៨នាក់​ )​ ត្រូវបានពិន័យក្នុងម្នាក់​ចំនួន៥លានរៀល​នៅក្នុងប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១​។

  ក្នុងប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តមួយកន្លែងតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ( បញ្ជូនអ្នកពាក់ព័ន្ធចំនួន១១នាក់​ទៅតុលាការ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥លានរៀល ចំនួន៣៤នាក់ចំពោះអ្នកចូលកម្សាន្តដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​។ 

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ​ កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ខែឧសភាសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លិបកម្សាន្តមួយឋិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២  ខណ្ឌបឹងកេងកង ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៤៥នាក់ ដោយមានជនជាតិចិនចំនួន២៦នាក់ (ស្រី ៧នាក់​ )​ ជនជាតិវៀតណាមចំនួន៧នាក់(ស្រី)  ជនជាតិកូរ៉េចំនួន១នាក់(ប្រុស) ជនជាតិម៉ាឡេសុីចំនួន១នាក់(ប្រុស) និងជនជាតិខ្មែរចំនួន  ១០នាក់ ( ស្រី ៥នាក់​ )​ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២​ ក្រាម​ និង​ ៨០​មិល្លីលីត្រ​ ។

  បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ-១៩​ ដោយក្រុមគ្រូពេទ្យរួចមក ជាលទ្ធផលគឺអវិជ្ជមានទាំងអស់  ហើយជំហានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន​បានធ្វើតេស្តរកសារធាតុញៀនបន្តទៀត ដែលជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន៦នាក់​ និងអ្នកពាក់ព័ន្ធ​ចំនួន​៥នាក់ទៀតពាក់ព័ន្ធនឹងការប្រេីប្រាស់​ ចែកចាយ​សារធាតុញៀន​ ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ 

  ចំណែកឯភ្ញៀវចំនួន​៣៤នាក់​ ( ស្រី​១៨នាក់)​ រួមមានជនជាតិចិន​១៥នាក់​ ជនជាតិវៀតណាម​៧នាក់​ ជនជាតិខ្មែរ​ ១០នាក់​ ជនជាតិកូរ៉េ​១នាក់​ និងជនជាតិម៉ាឡេសុីម្នាក់​ ដែលបានទៅលេងនៅក្លិបកម្សាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖