ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជាមានមូលហេតុអ្វីទេបានជាសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៤និង១០នាទីឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះ(ជនរងគ្រោះ) ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សារិន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ជនរងគ្រោះបានអង្គុយលេង និងនិយាយទូរស័ព្ទតែម្នាក់ឯងនៅមុខផ្ទះ ។
លុះមកដល់ម៉ោង២៤និង១០នាទី ឈានចូលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២១ ឈ្មោះ សយ ធី ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាយាយរបស់ជនរងគ្រោះបានចេញមកក្រៅផ្ទះ ក៏ឃើញឈ្មោះ សារិន សារ៉ាត់ (ជនរងគ្រោះ) បានធ្វើអត្តឃាតចងកនឹងខ្សែគោនៅមុខផ្ទះស្លាប់បាត់ទៅហើយ ហើយក៏ស្រែកឆោឡោហៅបងប្អូន និងអ្នកជិតខាងមកជួយមើល។ បន្ទាប់មកក្រុមគ្រួសារក៏បានយកកាំបិតកាត់ខ្សែចេញពីក(ជនរងគ្រោះ) ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពី គ្រូពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំត្រង់កផ្នែកខាងមុខក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំដល់ក្រោមទងត្រចៀកខាងឆ្វេង អណ្តាតលៀនចេញ ។ ក្រៅពីស្លាកស្នាមខាងលើ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ