ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៤គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ១២កើតខែជេស្ឋ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ទោះបីអង្គភាព មានការមមាញឹក ក្នុងការចូលរួមសហការទប់ស្កាត់ការរីករាលដាល ជំងឹកូវីដ-១៩ ចូលសហគមន៍  រួមជាមួយការបិទខ្ទប់តំបន់ក្រហម និងក្រុមគ្រូពេទ្យចូលរួមសហការយកសំណាកជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក៏ដោយ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ  មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅតែបន្តដឹកនាំក្រុមការងារអង្គភាព រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  រួមមានគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយរងផលប៉ះពាល់នៃការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចំនួន៤គ្រួសារ រស់នៅក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ជាទុរគតជន ចាស់ជរា និងស្រ្តីមេម៉ាយ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រាបជូនថា ស្ថិតក្នុងកាល:ទេស:នេះ យើងត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេស នូវ វិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងផ្តល់អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖