ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោ.កម៉ូតូបានសម្រេច​ហើយ តែត្រូវសមត្ថកិច្ចខណ្ឌដង្កោតាមក្របួចបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​បានធ្វេីសកម្មភាពលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ)បានសម្រេច​ កាលពីវេលាម៉ោង១១​ និង១៥នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ តែត្រូវម្ចាស់ម៉ូតូឃេីញស្រែកថាចោរៗផ្អេីលដល់សមត្ថកិច្ចខណ្ឌដង្កោដែលកំពុងល្បាតនៅទីនោះដេញចាប់ខ្លួនបានទាំង២នាក់​ ។​

​ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានឱ្យដឹងថា​ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ អ៊ុន​​ ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​ រីឯជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន​រួមមាន​ ទី១-ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​ ដោយឡែកវត្ថុតាងចាប់យកមាន៖ ១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-4117, ២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IE-4580, ៣-វិទ្យុទាក់ទង (អាយឌី) ចំនួន១គ្រឿង, ៤-ដែកជ្រុងចុងសំប៉ែតស្រួចចំនួន៥, ៥-កូនពូថៅចំនួន១, ៦/ដែកដាប់ចំនួន១, ៧-កូនសោចាក់ផ្ទះមួយចង្កោម, ៨-កាតគ្រីម៉ូតូលេខ ភ្នំពេញ 1HL-3714 ចំនួន១សន្លឹក, ៩-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុន សុខម្នី ចំនួន១សន្លឹក, ១០-មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន១, ១១-ដែកឆ្កឹះសោចំនួន២ ។

​ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌបានឱ្យដឹងទៀតថា​ មុនកេីតហេតុ​កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ បានបើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ម្នាក់ឯងចេញពីផ្ទះស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកព្រោះស្រូវនៅវាលស្រែ ដែលស្ថិតនៅក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ពេលទៅដល់ជនរងគ្រោះបានដាក់ម៉ូតូនៅក្រោមដើមព្រីង ដោយចាក់សោ.កត្រឹមត្រូវ រួចចុះទៅព្រោះស្រូវនៅក្នុងវាលស្រែ រហូតដល់វេលាម៉ោង១១ និង១៥នាទី ថ្ងៃខែខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យ០២នាក់ខាងលេី ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ឌុបគ្នាមកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពកាច់សោ.កម៉ូតូជនរងគ្រោះ យកជិះគេចខ្លួនទៅតាមវាលស្រែ ពីលិចមកកើត រួចជនងរគ្រោះក៏បានស្រែកថាចោរៗ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឃើញ ក៏ជិះម៉ូតូដេញតាមពីក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានរួមនិឹងវត្ថុតាងនាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់​ ។

​ ក្នុងករណីនេះ​ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ទាំង០២នាក់ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖