ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១នេះក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសជិតខាង ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្រាប់តែបានប្រទះឃើញពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ចំនួន១៩នាក់ ក្នុងនោះស្រី៨នាក់ ហើយបាននាំពលករទាំងនោះមកប៉ុស្តិ៍រដ្ឋបាលដើម្បីសួរនាំ ។ក្រោយពីធ្វើការសួរនាំ ពលករទាំង១៩នាក់នោះមកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញមុខសញ្ញាជាមេខ្យល់ ចំនួន២នាក់ដែលពាក់ព័ន្ធក្នុងចំណោមពលករខ្មែរទាំង១៩នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្នុងនោះ ម្នាក់មាន ឈ្មោះ ម៉ៅ ដែ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម្នាក់ទៀតឈ្មោះ ពៅ បូរី ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ចំណែកពលករចំនួន១៧នាក់ (ស្រី៨នាក់)ត្រូវបាន
ប្រគល់ឲ្យក្រុមការងារចម្រុះមណ្ឌលសំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យនិងធ្វើចត្តាឡីស័ករកមេរោគកូវីដ-១៩៕
ដោយ ៖ វណ្ណា