បណ្តាញទូរទស្សន៍ Rainews 24បានផ្សាយថាយ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់ស្លាប់ដោយការដាច់ខ្សែកាប្លិ៍ កន្ត្រក (កាប៊ីន) នៅតំបន់ Piedmont ប្រទេសអុីតាលី។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅថ្ងៃទី២៣ខែឧសភា នៅលើខ្សែកាប្លិ៍តភ្ជាប់ពីតំបន់ប្រជុំជន Stresa ឆ្នេរបឹង Lago Maggiore និងភ្នំ Monterone មានកម្ពស់ដល់ទៅ១៥០០ម៉ែត្រ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានឱ្យដឹងថា ក្នុងកន្ត្រកមានមនុស្ស១០នាក់ ហើយការដាច់ខ្សែកាប្លិ៍នៅតំបន់មានចម្ងាយពីកំពូលភ្នំ១០០ម៉ែត្រ។
ក្នុងចំណោមមនុស្ស១០នាក់នៅក្នុងកន្ត្រក (កាប៊ីន) មានកុមារ ២នាក់ត្រូវបានឧទ្ធម្ភាគចក្របញ្ជូនទៅកាន់មន្ទីរពេទ្យនៅតំបន់ Turin ក្នុងស្ថានភាពរងរបួសធ្ងន់។
តាមការប្រកាសនៅលើគេហទំព័រស្តីពីសេវាកម្ម កម្សាន្ត កន្ត្រកខ្សែកាប្លិ៍នៅលើភ្នំ បានចាប់ផ្តើមដំណើរការឡើងវិញក្រោយការឈប់សម្រាកយ៉ាងយូដោយកូវីដ-១៩។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ ។ ប៉ុន្តែតាមការសន្និដ្ឋានគឺមានខ្សែកាប្លិ៍មួយដាច់៕
ដោយ៖ ធីរីណា