ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង១៣នាក់ដោយការផ្ទុះភ្នំភ្លើងនៅសាធារណរដ្ឋ កុងហ្គោ

ចែករំលែក៖

មន្ត្រីក្នុងខេត្ត Kivu ស្ថិតភាគខាងជើងសាធារណរដ្ឋកុងហ្គោ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ស្លាប់ ក្រោយការផ្ទុះភ្នំភ្លើងកាលពីយប់ថ្ងៃទី២២ ខែឧសភា ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែឧសភា អ្នកនាំពាក្យប្រធានាធិបតី លោក Njike Kaiko Guillaume បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយផ្ទុះភ្នំភ្លើងបានព្យាយាម រត់គេចចេញពីកំអែរភ្នំភ្លើង។ មកទល់ពេលនេះរដ្ឋាភិបាល កុងហ្គោមិនទាន់ប្រកាសពីការខូចខាត ទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។
កំអែរភ្នំភ្លើងឈប់ហូរចេញនៅវេលាម៉ោង៤ព្រឹកថ្ងៃទី២៣ខែឧសភា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល បានអំពាវនាវដល់ពលរដ្ឋបន្តបញ្ចៀសសកម្មភាពមិនចាំបាច់ នៅតំបន់ក្បែរភ្នំភ្លើង បញ្ចៀសគ្រោះថ្នាក់កើតឡើង។

គណៈប្រតិភូរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋកុងហ្គោ បានបញ្ជូនយន្តហោះ តាមដានសកម្មភាពព្រួសកំអែរភ្នំភ្លើង Nyiragongo ។
ភ្នំភ្លើង Nyiragongo មានកម្ពស់ ៣ពាន់ម៉ែត្រ បានចាប់ផ្តើមព្រួសកំអែរនៅវេលាម៉ោង ១៩ យប់ថ្ងៃទី២២ខែឧសភា បង្កឲ្យមាន ផ្សែងគ្រប់ដណ្តប់ពេញដែនអាកាស ផ្ទៃមេឃពណ៌ក្រហម ដោយសារតែកំអែរភ្នំភ្លើង។ រដ្ឋាភិបាលបានចេញបញ្ជាឲ្យពលរដ្ឋនៅទីក្រុង Goma ភៀសខ្លួនចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ មុនពេលទទួលបានបទបញ្ជាឲ្យភៀសខ្លួន ក៏មានពលរដ្ឋដល់ទៅជាង៣ពាន់នាក់ បានរត់ទៅកាន់ប្រទេសជិតខាង Rwanda បញ្ចៀសគ្រោះថ្នាក់។
កាលពីឆ្នាំ២០០២ ភ្នំភ្លើងខាងលើនេះក៏បានព្រួសកំអែរ សម្លាប់មនុស្សជាង ១០០នាក់ ។ នៅឆ្នាំ១៩៧៧ ក៏បានផ្ទុះព្រួសកំអែរ សម្លាប់មនុស្សដល់ទៅ៦០០នាក់ផងដែរ៕ដោយ៖ ធីរីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖