ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែនជាង១ខែហើយ ! លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ទឹកហូរត្រឡប់មកវិញ !

ចែករំលែក៖

ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន សោភា អនុវត្តច្បាប់ជ្រុល (ទម្លាប់កៀបក្តាមយកឈាម) ។

ទង្វើដ៏អាក្រក់របស់លោក ឈួន សោភា ត្រូវបានមជ្ឈដ្ឋាននានារិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លា ហើយក៏មាន មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សំណូមពរឲ្យលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ដើម្បីចាត់ការតាមច្បាប់ផងដែរ។ ដូច្នេះប្រសិនបើមានការស៊ើបអង្កេតនិងស្រាវជ្រាវឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា នោះគឺលោក ឈួន សោភា អាចប្រឈមនឹងវិធានការផ្លូវច្បាប់ក៏ដូចជាមានការរឹបអូសទ្រព្យសម្បត្តិដ៏មហាសាល។
ទីបំផុត ! បុគ្គល ឈួន សោភា បានទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដដែលវិញ មកដល់បច្ចុប្បន្នបានជាង១ខែហើយ ។
សូមបញ្ជាក់ថា, លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប , ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ុន្តែក្នុងចំណោមមន្ត្រីគយ៧រូប លោក ឈួន សោភា ប្រើប្រាស់តែមនុស្ស៤នាក់ សម្រាប់ប្រមូលសេដ្ឋកិច្ច ដោយចាត់ទុកជាមនុស្សជំនិត(ទុកចិត្ត)រួមមាន:
១-លោក យឹម ផល្លី អនុប្រធានការិយាល័យ
២-លោក ឈុន សុទ្ធាសុវណ្ណារី ភ្នាក់ងារ
៣-លោក ផាន់ វីឡា ភ្នាក់ងារ
៤-លោក ផុន សុខភ័ក្រ ភ្នាក់ងារ ។
មន្ត្រីគយនៅអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា បានលើកឡើងថា, ប្រហែលជាលោកបណ្ឌិត គុណ ញឹម ប្រតិរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា ខ្វះមន្ត្រីគ្មានសមត្ថភាព បានជាដាក់បុគ្គលផ្តុំដោយរឿងអាស្រូវ អោយទៅកាន់ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ កន្លែងដដែលវិញ ខណៈគាត់ជោគជ័យផ្ទាល់ខ្លួន(ពេលដែលត្រូវចូលនិវត្តន៍ហើយ អាចពន្យាកំណើតបាន) និងមានឋានៈបន្ថែមធំលើសមុន គឺជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។
មន្ត្រីខ្លះបានបង្ហើបថា, អាចមានរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ១រូប ជាអ្នកអន្តរាគមន៍ជួយ លោក ឈួន សោភា ប៉ុន្តែបើករណីនេះជាការពិត ចំពោះវប្បធម៌អន្តរាគមន៍ គឺសម្តេចតេជោ មិនអាចទទួលយកបានឡើយ។
ទោះជាលោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ វិញដោយសមត្ថភាព, ដោយអន្តរាគមន៍ ,ដោយអ្វីផ្សេងទៀតនោះមិនដឹងទេ សំខាន់អោយតែប្រឹងការងារប្រកបដោយ ការទទួលខុសត្រូវ រកចំណូលពន្ធជូនរដ្ឋនោះគាប់ប្រសើរហើយ ។ កុំអោយតែមានភាពមិនប្រក្រតីរឿងដាក់ខែជាមួយឈ្មួញដឹកទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ គិតផលប្រយោជន៍បុគ្គល និងបក្ខពួក នោះទើបជាកំហុសឆ្គងធំបំផុត ។ ឮដំណឹងថា, លោក ឈួន សោភា មិនសូវចេញមុខទេ បន្ទាប់ពីមានដំប៉ៅចាស់កន្លងទៅ ខ្លាចភ្នាត់ស្នៀតជាលើកទី២ និងធ្វើអោយអ្នកអន្តរាគមន៍ខកចិត្ត ប្រឈមថ្នាក់លើដាក់ភាពសង្ស័យ។
មន្ត្រីគយចល័តបានរំឮកថា, លោក ឈួន សោភា ខ្លាំងណាស់ខាងប្រមូលសេដ្ឋកិច្ច ក្នុងចំណោមប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ទាំង៦ គាត់ឈានមុខគេ ក្នុងចំណាត់ថា, លោក ឈួន សោភា ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥( ទឹកហូរហើយត្រឡប់មកវិញ) ហើយគ្របដណ្តប់ដែនសមត្ថកិច្ចក្នុងភូមិសាស្ត្រ៦ខេត្ត ក្តោបយ៉ាងណែនពេញដៃ។
ពាក់ព័ន្ធករណីនេះ ទាំងលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ទាំងលោកបណ្ឌិត គុណ ញឹម អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល ៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖