ភ្នំពេញ៖ លោកមេធាវី កង ឬទ្ធិគីរី ផ្សព្វផ្សាយទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ ១០០ដុល្លារក្នុង ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ! នេះបើយោងការថ្លែងឲ្យដឹងពី លោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រលប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១។
លោករដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះថា, សូមជំរាបទៅលោកមេធាវី កង ឬទ្ធិគីរី ជ្រាបថា៖ ការផ្សព្វផ្សាយរបស់លោកមេធាវីលើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ ១០០ដុល្លារក្នុង ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ ។ រឿងលោកទិញសៀវភៅពីបុគ្គលណាមួយនោះជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ។
លោក គឹម សន្តិភាព បានលើកឡើងថា, ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លងទៅ ក្នុងអំឡុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ ។ ជំនួសអោយការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ ។
លោកបង្ហាញពីការហួសចិត្ត និងបន្តថា, ក្រសួងយុត្តិធម៌ សូមសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងសូមលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់!។
ដោយ៖ សុខ ខេមរា