ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារនិងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ឧសភាឆ្នាំ២០២១នេះ ទៅតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ ដែល មានរហូតដល់ចំនួន២០ទីតាំង។
ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបាន ណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវមកទទួលយកវ៉ាក់សាំង ដោយត្រូវរក្សាឱ្យបាន ជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ។ ត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗ នាពេលខាងមុខនេះ ។
សូមបញ្ជាក់ថា ៖ អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ឧសភាម្សិលម៉ិញ បានចំនួន៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន៣៨៥០៤៦នាក់សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌដង្កោ៕
ដោយ ៖ សំរិត