ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន៖ ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។ រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ បញ្ជាក់ក្នុងតារាង។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ បានព្យាបាល ជាសះស្បើយ ១៤៣នាក់ កំពុងសំរាកព្យាបាល ១៥៨នាក់ និងស្លាប់ ៤នាក់។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករៀង រាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃ ក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២(ពីរ)ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម. ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ (លោក វេជ្ជ. សេង បញ្ញាឬទ្ធិ)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សុខ ខេមរា