ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកជាមួយម៉ូតូស្លាប់ស្ត្រីម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងភ្លៀងរលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី ២៥ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះគង់ ចន្ថា អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុដាឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១Q-២២៣៩រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឡេ វ៉ាន់ទុង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត រស់នៅក្នុងភូមិក្វាងធឹង ឃុំក្វាងធឹង ស្រុកក្វាងស៊ើង ខេត្តក្វាងណាម ប្រទេសវៀតណាម។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកHONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១Q-២២៣៩ នៅលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តកុងតឺន័រម៉ាក HIYUNDAI ពណ៌ស ពាក់ស្លាកលេខ៥១C-៧៧៦.៣១បើកក្នុងទិសដៅពីត្បូងទៅជើង ជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន សាកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖