ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមសោកស្តាយ៖ យោធាម្នាក់ពលីជីវិតក្នុងតួនាទីភារកិច្ចគួរឱ្យអាសូរ ដោយសារអ្នកញៀនថ្នាំកើតជំងឺកូវីដ-១៩ម្នាក់ វាយពេលកំពុងយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ មន្រ្តីយោធាជាអ្នកយាមម្នាក់ត្រូវបុរសជាអ្នកជំងឺកូវីដ-១៩ ញៀនថ្នាំម្នាក់ចូលមកវាយបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែកសហការជាមួយមន្រ្តីយោធាដែលយាមនៅកន្លែងកើតហេតុចាប់បានភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។

ប្រភពពីមន្រ្តីមានសមត្ថកិច្ចបានបន្តថា មុនកើតហេតុជនដៃដល់បានស្រែកឡូឡានិងឆ្លេឆ្លាមានបំណងចង់រត់ចេញបែបមនុស្សបែកថ្នាំនិយាយមិនស្តាប់ ហើយត្រូវបានមន្ត្រីយោធាដែលយាមនៅទីនោះពីរទៅបីនាក់ដេញឱ្យចូលទៅក្នុងវិញ ប៉ុន្តែក្រោយមកក្នុងខណៈមេឃកំពុងភ្លៀង ជនដៃដល់បានមកវាយមន្រ្តីយោធា និងដំបង ហើយចបកាប់ចំសៀតផ្កា របស់ជនរងគ្រោះរហូតដល់ស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃបានស្លន់ឆ្លេឆ្លា ។ ហើយភ្លាមៗមានការអន្តរាគមពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាក្រែកចំនួន ១០ រូបទើបប្តេជ្ញាចូលចាប់ជនឃាតកបាន ខណៈបច្ចុប្បន្នកម្លាំងនគរបាលទាំង ១០ ក៏ត្រូវជាប់ ចត្តាឡីស័កផងដែរ ។

ប្រភពពីមន្រ្តីសមត្ថកិច្ចម្នាក់បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ ឃាតកត្រូវបានចាប់វ៉ៃខ្នោះបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យដោយមានសមត្ថកិច្ចជំនាញយាមកាមយ៉ាងតឹងរឹងរង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖