ព័ត៌មានទាន់ហេតុការណ៍៖

ពាណិជ្ជកម្មទ្វេភាគី កម្ពុជា​-​ជប៉ុន៖​ ត្រីមាសទី១ ក្នុង​ឆ្នាំ២០២១នេះ សម្រេចបានជាង ៦៣៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្ម ក្រៅប្រទេស ជប៉ុន (Jetro) បានបញ្ជាក់ថា​ ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា​-​ជប៉ុន​ សម្រាប់​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​២០២១នេះ​ ​សម្រេចបាន​ជាង​ ​៦៣៣​លាន​ដុល្លារ​ ​ដែល​ចំនួន​នេះបានកើនឡើងជិត ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុង​ឆ្នាំ២០២០។

ទិន្នន័យពីអង្គការពាណិជ្ជកម្មខាងលេីនេះ​ បានបញ្ជាក់ទៀតថា​ ​ចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា​-​ជប៉ុន មានតម្លៃសរុប ៦៣៣,១២ លានដុល្លារ កើន ៧,៨ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានតម្លៃ ៥៨៧,៤៦លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជា មានតម្លៃ ៤៨៩,៦២លាន​ដុល្លារ កើន ២,៩ ភាគរយ ពី ៤៧៥,៧៦ លានដុល្លារ និងការនាំ ចូលពីជប៉ុន មាន ១៤៣,៥ លានដុល្លារ កើនឡើង ២៨,៥ ភាគរយ ពី ចំនួន ១១១,៧១ លានដុល្លារ ។​

សូមជម្រាបថា ចំពោះការមិន​ធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ដោយសារតែ​ភាពល្អប្រសើរ នៃទំនាក់ទំនងការទូត ភាពសម្បូរបែប នៃកម្លាំងពលកម្ម និងសមត្ថភាពផលិតរបស់ប្រទេស ទាំង២។​ លេីសពីនេះ​ទៅទៀត​ផលិតផល ដែលកម្ពុជា នាំទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ គ្រឿង ផ្គុំអគ្គិសនី និង គ្រឿង ផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពី ជប៉ុន មានដូចជា៖​ គ្រឿងម៉ាស៊ីន និង ផលិតផល ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។​គួរបញ្ជាក់ថា​ ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា​-​ជប៉ុន មានតម្លៃ ២.១០១,៧៨ លានដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយ ធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញ មានតម្លៃ ១.៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និងនាំចូល មាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ៕​ដោយ ​៖ សហការី​

រូបភាព​៖ឯកសារ​


ចែករំលែក៖