ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! កម្មករ កម្មការិនី ដែលជាសះស្បើយពីជំងឺកូវីដ-១៩ចំនួនសរុប ៤០ នាក់នៅមណ្ឌលព្យាបាលកំរិតស្រាល អនុវិទ្យាល័យ កុត តិប ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ខេត្តកណ្តាល៖ បើយោងតាមប្រភពពីរដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១លោក ឆៃ បូណា នាយករដ្ឋបាលសាលាស្រុក តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុក បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៤០ នាក់, ស្រី ២៨ នាក់ ត្រូវបានព្យាបាលឲ្យបានជាសះស្បើយពីជំងឺកូវីដ-១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅមណ្ឌលព្យាបាលកំរិតស្រាល អនុវិទ្យាល័យ កុត តិប ។

ក្នុងឱកាសនោះ នាយករដ្ឋបាល ក៏បានប្រគល់ជូនអំណោយឧបត្ថម្ភរបស់រដ្ឋបាលស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំង ៤០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម ទឹកត្រី១ដប ទឹកស៊ីអុីវ ១ដប ម៉ាស់ ១ដុំ និងថវិកាមួយចំនួន។

សូមបញ្ជាក់ផងដែរថា, រហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៦០នាក់​ (ឆ្លងសហគមន៍៦២៦នាក់​ នាំចូល៣៤នាក់) និងមានជាសះស្បេីយ​៧៥០នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៦៩៨៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១៩៧៧២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់១៩០នាក់ ៕

ដោយ៖ សិលា


ចែករំលែក៖