ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ខ្ចីម៉ូតូអ៊ុំទៅលេងឪពុកម្តាយជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តឡិចសុីស RX300មួយគ្រឿងបុកម៉ូតូក្មេងប្រុសម្នាក់ធ្វើឲ្យបាត់បង់ជីវិត ខណៈជិះម៉ូតូទៅលេងឪពុកម្តាយ នៅធ្វើស្រែ ឯស្រុកអូរជ្រៅ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣(ផ្លូវវាងក្រុង)ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ។
ជនរងគ្រោះឈ្មោះ សុខ សត្យា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិបត់ត្រង់ធំខាងកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
លោក គឺ មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូអ៊ុំប្រុសរបស់គេម៉ាកហុងដាវ៉េវសេ110ពាក់ស្លាកលេខខេមរភូមិន្ទ07 1-2721 ជារបស់អ៊ុំប្រុសធ្វើយោធាក្នុងកងពលតូចថ្មើជើងលេខ៥៣ ដើម្បីជិះទៅលេងម្តាយឪពុក កំពុងធ្វើស្រែនៅឃុំកូប ស្រុកអូរជ្រៅ ដោយធ្វើដំណើរពីជើងទៅត្បូងឡើងផ្លូវជាតិប្តូរគន្លងបត់ទៅទិសខាងកើតស្របពេលនោះមានរថយន្ត១គ្រឿងម៉ាក
ឡិចសុីសRx300 ពាក់ស្លាកភ្នំពេញ.2L-4767 បើកបរផ្លូវត្រង់ក្នុងទិសដៅពីកើតទៅលិចបានបុកចំពីមុខម៉ូតូបណ្តលឲ្យជនរងគ្រោះខ្ទាតពីម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង  អ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។វត្ថុតាងម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខនិងរថយន្តខូចខាងមុខផ្នែកខាងស្តាំស្រាល ។
លោក គី មករា បានបញ្ជាក់ទៀតថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ខេត្តបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកមានល្បឿនលឿន រីឯ អ្នកបើកម៉ូតូមិនគោរពសិទ្ធិអាទិភាព មានពាក់មួកការពារសុវត្ថិភាព ។សពជនរងគ្រោះបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែក វត្ថុតាងរថយន្តនិងម៉ូតូយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖